(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ ញុះញង់បញ្ឆេះកំហឹង បង្កើតឱ្យមានអសន្តិសុខក្នុងសង្គម។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ស្ដីពីឌីជីថលភាវីបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារកំពុងអភិវឌ្ឍ ដែលរៀបចំឡើង នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានជាង៥០០នាក់ មកពីជាង៤០ប្រទេសនៅតំបន់អាស៊ី សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ទៅកាន់អ្នកទាំងនោះ ដោយរូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មាន ពិត ដើម្បីបន្សាប ព័ត៌មានក្លែងបន្លំ។
សម្តេចបានថ្លែងថា អ្នកសារព័ត៌មាន ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយ ព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរ្របមាថ ការញុះញង់បញ្ឆេះកំហឹង ដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬ បំផ្លើសព័ត៌មានខុសពីការពិត ដែល បង្កើតឱ្យមានអសន្តិសុខសង្គម។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃ ការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាព វឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលផងដែរ។
សូមបញ្ជាក់ថា កម្ពុជាពេលនេះ បានក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប។
សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។
សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទដែលនឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ មានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក៕