(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភលើផលអវិជ្ជមានកើតចេញពីបច្ចេកវិទ្យាឌីជីថល មានដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិង កំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។
ការបង្ហាញពីក្តីព្រួយបារម្ភបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល សម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងផលវិជ្ជមាននេះបច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននឹងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល»។
ពាក់ព័ន្ធនឹងក្តីព្រួយបារម្ភពីការីកច្រើននៃបច្ចេកវិទ្យាឌីជីថលនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រសាសន៍បន្តថា ដូច្នេះតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យានេះ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានបន្ថែមទៀតថា មិនមែនមានតែប្រទេសកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីនោះទេ ដែលកំពុងព្រួយបារម្ភនោះ សូម្បីតែនៅក្នុងកិច្ចប្រជុំកំពូលឤស៊ី-អឺរ៉ុបនៅទីក្រុង ប៊្រុចសែល នាពេលកន្លងទៅថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ សុទ្ធតែបានលើកឡើងអំពីការព្រួយបារម្មណ៍ នូវព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននេះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពាវនាវឱ្យរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ការអភិវឌ្ឍបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើង នូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល៕