(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនេះ លោក ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលការគាទ្រដ៏លើសលប់ក្នុងការបោះឆ្នោតតំណាងរាស្រ្តនីតីកាលទី៦ កន្លងទៅ។ លោកក៏បានបញ្ជាក់ផងដែរថា មានតែសន្តិភាព និងស្ថិរភាពទេ ដែលអាចផ្តល់ឱកាសឱ្យប្រជាជាតិអាស៊ាន និងសហគមន៍អាស៊ាន មានការរីកចំរើន និងអភិវឌ្ឍបន្តទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជា បានកំណត់យកសន្តិភាព និងស្ថិរភាព ជាសរសរស្តម្ភចម្បង ពីព្រោះថាបើអស្ថិរភាព និងអសន្តិសុខនោះ ការអភិវឌ្ឍ វិបុលភាព ការរីកចំរើនទាំងក្នុងប្រទេស និងតំបន់ ក៏គ្មានដែរ។ ជាក់ស្តែង ដោយសារមានសន្តិភាព និងស្ថិរភាពរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចនេះក្នុងតំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តាជំរុញតំបន់នេះឱ្យបន្តការអភិវឌ្ឍ និងរីកចំរើន។ ផ្ទុយទៅវិញការជំរុញប្រទេសក្នុងតំបន់អាស៊ានឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ នឹងនាំឱ្យតំបន់អាស៊ានវិលទៅរកស្ថានភាពដូចសម័យសង្រ្គាមត្រជាក់៕