(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំមួយទៀត ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយកិ្ចចប្រជុំនេះ រដ្ឋសភាបានសម្រេចថា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះ ដើម្បីអនុម័តលើរបៀបវារៈចំនួន៦។

តាមសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បង្ហាញថា របៀបវារៈចំនួន៦ ដែលរដ្ឋសភានឹងប្រជុំពិភាក្សា និងអនុម័ត នៅកិច្ចប្រជុំពេញអង្គរដ្ឋសភា មានដូចតទៅ៖

១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។

២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ។

៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមក នៃវិនិយោគ។

៦៖ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។

សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃនេះវិញ គឺមានរបៀបវារៈដូចជា៖

១៖ អង្គប្រជុំបានអនុម័តសំណើទទួលស្គាល់លោក សុខ ផេង ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តព្រៃវែង ជំនួសលោក ពៅ សាមី ដែលទទួលមរណភាព។ ការប្រកាសសុពលភាព នៃ អាណត្តិរបស់ លោក សុខ ផេង ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាពេលខាងមុខនេះ។

២៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត ដល់គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញ។

៣៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា វិញ។

៤៖ អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នូវ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

៥៖ អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍៖