(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍របស់ប្រទេសនេប៉ាល់ជាង ១០ក្រុមហ៊ុន បានរៀបចំកម្មវិធីជួបជុំជាមួយក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ក្រោមការសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដើម្បីជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឱ្យកាន់តែមានកំណើនកើនឡឡើងបន្ថែម ក្នុងនោះក៏មានការបញ្ជាក់ពីការសិក្សា លើការបើកជើងហោះហើរត្រង់ពីនេប៉ាមកកម្ពុជាផងដែរ។

កម្មវិធីជួបជុំរវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-នេប៉ាល់នេះ ត្រូវបានធ្វើឡើងនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ។

នាឱកាសចូលរួមក្នុងកម្មវិធីខាងលើ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីឱ្យប្រតិបត្តិករទេសចរណ៍កម្ពុជា និងនេប៉ាល់បានស្វែងយល់ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ។

លោកស្រី ឆាយ ស៊ីវលីន បានបន្តថា កម្ពុជា-នេប៉ាល់ មានចំណុចប្រហាក់ប្រហែលគ្នាច្រើនដូចជាការគោរពព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន និងសម្បូរទៅដោយតំបន់ទេសចរណ៍បែបវប្បធម៌ និងប្រវត្តិសាស្ត្រជាដើម។

លោកស្រីបានបន្តទៀតថា ភ្ញៀវទេសចរកម្ពុជាដែលទៅលេងកម្សាន្តនៅប្រទេសនេប៉ាល់ និងពីនេប៉ាល់មកកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ ដូច្នេះហើយទើបភាគីនេប៉ាល់បាន និងកំពុងសិក្សាលើបើកជើងហោះហើរត្រង់មកប្រទេសកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរទៅមកប្រទេសទាំងពីរកាន់តែមានការកើនឡើង។

លោក ហ្កាន់ណា សាយយ៉ាំ លេខាធិការនៃក្រសួងវប្បធម៌ និងទេសចរណ៍នេប៉ាល់ បានឱ្យដឹងថា ប្រទេសនេប៉ាល់មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន ដែលមិនទាន់បានផ្សព្វផ្សាយមកដល់កម្ពុជា ប៉ុន្តែនៅពេលនេះលោកជឿជាក់ថា ប្រតិបត្តិករទេសចរណ៍របស់កម្ពុជានឹងចាប់អារម្មណ៍ខ្លាំង ក្នុងការនាំភ្ញៀវទេសចរពីកម្ពុជាទៅកាន់ប្រទេសនេប៉ាល់ ហើយសម្រាប់នេប៉ាល់ក៏នឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនរបស់ខ្លួនដូចគ្នា។

លេខាធិការនៃក្រសួងវប្បធម៌ និងទេសចរណ៍នេប៉ាល់រូបបនេះបានបន្តថា «ចំណុចសំខាន់ដែលកម្ពុជា និងនេប៉ាល់ត្រូវធ្វើបន្តនោះ គឺការជំរុញការបើកជើងហោះហើរត្រង់ឱ្យបានឆាប់ៗ នាពេលខាងមុខនេះ»

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦៤ ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ទើបប្រទេសទាំងពីរមានការភ្ជាប់ទំនាក់ទំនងជាមួយគ្នាសាជាថ្មីឡើងវិញ បន្ទាប់ពីការអាក់ខានដោយសារសង្គ្រាមនៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសនេប៉ាល កាលពីពេលកន្លងទៅ កម្ពុជា-នេប៉ាល់ បានចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការហោះហើរត្រង់ នាពេលឆាប់ៗខាងមុខផងដែរ៕

​​