(ភ្នំពេញ)៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធទិវាជាតិនៃប្រទេសរុស្ស៊ី (Russia National Day) ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Dmitry Tsvetkov និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា នៅសណ្ឋាគារ Great Duke Hotel រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក Dmitry Tsvetkov បានថ្លែងសុន្ទរកថារៀបរាប់អំពីទំនាក់ទំនង និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងរុស្ស៉ី។ លោកអះអាងថា នយោបាយការបរទេសរុស្ស៉ី គឺផ្អែកលើប្រព័ន្ធទំនាក់ទំនងអន្តរជាតិ និងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋឡើយ។
នៅក្នុងឱកាសបុណ្យជាតិរុស្ស៉ី ឯកអគ្គរដ្ឋទូត បានលើកឡើងថា «វឌ្ឍនភាពនៃសង្គមរបស់យើង រួមចំណែកដោយភាពឈ្លាសវៃក្នុងគោលនយោបាយការបរទេស និងមាននិរន្តរភាព ក្នុងគោលបំណងថែរក្សាប្រព័ន្ធ ទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ការមិនរំលោភ លើអធិបតេយ្យភាពរបស់រដ្ឋ ការគោរពគ្នាទៅវិញទៅមក បានរួមគ្នាធានាសណ្តាប់ធ្នាប់សហគមន៍ពិភពលោកមួយ អាចទុកចិត្តបាន និងអាចព្យាករណ៍បាន»។
លោក Dmitry Tsvetkov បានបន្តលើកឡើងនូវសារដ៏សំខាន់ថា វិធីសាស្រ្តនេះយើងចែករំលែកជាមួយប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធ របស់រុស្ស៉ីអស់ជាច្រើនទសវត្សមកហើយ។ នៅពេលដែលប្រទេសមហាអំណាចមួយចំនួន កំពុងតែព្យាយាមជំរុញគំនិត ដែលធ្វើឱ្យខូចប្រយោជន៍អន្តរជាតិ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលអំពើជ្រុលនិយម និងអំពើភេរវកម្មកំពុងតែកើនឡើង ដើម្បីរារាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក នៅពេលក្រុមដែលមានគំនិតមិនត្រឹមត្រូវ កំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈ «បដិវត្តន៍ពណ៌» ស្ថិតនៅក្រោមបដានៃ «បំណងល្អ» យើងពិតជាឱ្យតម្លៃចំពោះដៃគូដែលជឿទុកចិត្ត និងអាចពឹងពាក់បានដូចជា ប្រទេសកម្ពុជា ដែលមានមូលដ្ឋានរួមគ្នាប្រឆាំង នឹងនិន្នាការមិនល្អទាំងនេះ។
«វានាំឱ្យខ្ញុំរីករាយ និងពេញចិត្តក្នុងការបន្តការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើង [កម្ពុជា-រុស្ស៉ី] នៅលើមូលដ្ឋានដូចដែលបានបង្កើតឡើង កាលពី៦៣ឆ្នាំមុន ការគោរពគ្នាទៅវិញទៅមក និងការយោគយល់ ការជឿទុកចិត្តនិងការគាំទ្រ។ ទាំងនេះមិនមែនគ្រាន់តែជាពាក្យសាមញ្ញប៉ុណ្ណោះទេ ប៉ុន្ដែជាគោលការណ៍មិនផ្លាស់ប្តូរ នៃទំនាក់ទំនងរបស់យើង ដែលនៅតែមានជាដរាប។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងរុស្ស៉ី និងកម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងធ្វើឲ្យមានផលប្រយោជន៍រួមជាច្រើនទៀត។ សាមគ្គីភាពរបស់យើង ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ដែលកំពុងប្រឈមបទពិសោធដ៏រឹងមាំ»។ នេះជាការបញ្ជាក់បន្ថែម របស់ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅកម្ពុជា៕