(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ អ្នកលេង Facebook ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយសាកសួរដេញដោលពេញមួយព្រឹកនេះ តុលាការបានសម្រេចប្រកាសសាលក្រម សំណុំរឿងនេះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។
ស្ថិតនៅក្នុងសវនាការសាធារណៈនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាច្រើនជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។
នៅចំពោះមុខអង្គសវនាការជាសាធារណ:ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាពកំហុសយ៉ាងដូច្នេះថា «ខ្ញុំពិតជាបានបរិហាកេរ្តិ៍ជាសាធាណ:ធ្វើឲ្យប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំកំពូល កិត្តិយសរបស់អង្គភាពព័ត៌មាន Fresh News ទាំងនេះដោយសារចិត្តឆេវឆាវនឹងការខឹងច្រឡោតទប់អារម្មណ៍មិនបាន នៅពេលកំពុង Live Facebook ដែលការនិយាយនោះមិនបានព្រៀងទុក»។
ជនជាប់ចោទ ផែង វណ្ណៈ រូបនោះបញ្ជាក់ម្តងហើយម្តងទៀតដល់តុលាការថា ដោយបានដឹងនូវកំហុសនេះរូបគេបានសសេរជាលិខិតសុំទោសមួយនៅក្នុងពន្ធនាគារ ដើម្បីសុំទោសសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាបងប្អូនមួយចំនួនដែលខ្លួនបានប្រព្រឹត្តខុសកន្លងមក។
ពាក់ពន្ធ័ករណីបរិហាកេរ្តិ៍ ប្តឹងដោយអង្គភាពព័ត៌មាន Fresh News ដែលបានចោទប្រកាន់ថា ចុះផ្សាយទាល់តែមានលុយ ចំណែករាស្ត្ររងទុក្ខ ទឹកភ្នែកទឹកសំបោរ Fresh News គេមិនផ្សាយទេ។ ជនជាប់ចោទ ផែង វណ្ណ: បានសារភាពថា «គឺជាការខុសការពិត ព្រោះតាមពិតលោកក៏ជា Fan របស់ Fresh News ដែរ ហើយការងារច្រើនណាស់ ដែលអង្គភាព Fresh News បានធ្វើជួយដល់សង្គមកំហុសទាំងនេះដោយសារចិត្តឆេវឆាវ»។
ថ្លែងទៅកាន់អង្គសវនាការជនជាប់ចោទ ផែង វណ្ណ: បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយឡែកមួយទៅកាន់អគ្គនាយកអង្គភាព Fresh News ដោយផ្ទាល់ដើម្បីសុំទោសគាត់»។
លោក លី រដ្ឋធី មេធាវីតំណាងឲ្យអង្គភាព Fresh News បានលើកឡើងថា Fresh News បំពេញការងារក្នុងគោលដៅវិជ្ជាជីវៈជាចម្បង ហើយអត្ថបទជាច្រើនលើសលប់បាន ជួយដល់សង្គមទាំងមិនមានចំណូលមួយសេនទេ។ បេសកកម្មរបស់ Fresh News ជាង៥ឆ្នាំមកនេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រទេស។ ហើយជាការពិតណាស់ប្រាក់បៀវត្ស និងការចំណាយផ្សេងៗសម្រាប់ដំណើរការអង្គភាព គឺបានមកពីចំណូលនៃទម្រង់ការផ្សាយពាណិជ្ជកម្មសុទ្ធសាធ។
នៅក្នុងសវនាការនោះលោកមេធាវី គី តិច មេធាវីការពារសិទ្ធិនិងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។
លោក គី តិច បានលើកឡើងយ៉ាងដូច្នេះថា «ការបង្ហោះសារ និងរូបភាពប្រៀបធៀបរបស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំ លើសម្តេចតេជោប្រាកដមែន។ ប៉ុន្តែដោយសារជនជាប់ចោទមានការភ្ញាក់រលឹកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះ»។
ថ្លែងម្តងហើយម្តងទៀតនៅចំពោះមុខអង្គសវនាការថា ជនជាប់ចោទ ផែង វណ្ណៈ បានទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក។ ជនជាប់ចោទក៏បានសុំទោស ចំពោះទង្វើទាំងអស់នេះ និងសន្យាឈប់ប្រព្រឹត្តតទៅទៀតហើយ។ លោក ផែង វណ្ណៈ ក៏បានសំណូមពរឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបលោកផងដែរ។
ចំណែកលោកមេធាវី លី រដ្ឋធី ជាតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News បានសំណូមពរឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ ចំណែកពាក់ព័ន្ធការទាមទារ សំណង៥០ម៉ឺនដុល្លារ កាលពីពេលមុននោះ, នៅពេលនេះអង្គភាពព័ត៌មាន Fresh News ក្នុងនាមដើមបណ្តឹង សូមទុកសិទ្ធិជូនតុលាការសម្រេច តាមឆន្ទានុសិទ្ធិ ដោយសារលោក ផែង វណ្ណៈ បានទទួលស្គាល់កំហុសរបស់ខ្លួនការជេរប្រមាថមកលើអង្គភាពព័ត៌មាន Fresh News។
នៅទីបញ្ចប់តុលាការបានលើកយកសំណុំរឿងនេះទៅប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕