(ឌូសាន់បេ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសអាស៊ីអឺរ៉ុបដទៃទៀត បានអញ្ជើញទៅដល់ទីក្រុងឌូសាន់បេ ជាបន្តបន្ទាប់ហើយ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ស្អែក។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌូសាន់បេ ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៨៖៥៥នាទី ម៉ោងនៅទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន ត្រូវនឹងម៉ោង២០៖៥៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់ពីធ្វើដំណើរចាកចេញពីទីក្រុង ប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងរយៈពេលនៃការធ្វើដំណើរប្រមាណ៥ម៉ោងរួចមក។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឧបនាយករដ្ឋមន្រ្តី តាជីគីស្ថាន ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសតាជីគីស្ថាន និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប។
ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន និងផ្សព្វផ្សាយជូនជាបន្តបន្ទាប់៕