(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុភូមិកម្ពុជា ប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
ទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោក វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តី ហុងគ្រី នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ នៅថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីនៃប្រទេសហុងគ្រី លោក យ៉ាណូស អាឌែរ (Janos Ader) មុនចាកចេញពីប្រទេសហុងគ្រី ទៅកាន់ប្រទេសតាជីគីស្ថាន។
នៅប្រទេសតាជីគីស្ថាន, សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថាន ហើយក៏បានជួបពិភាក្សាការងារជាមួយលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី ផងដែរ។ បន្ទាប់មកសម្តេច បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូសាន់បេ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដោយបង្ហាញពីចំណុចខ្លាំងរបស់ ស៊ីកា ពោលគឺការគឺការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត និងការមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាព ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ស៊ីកាទាំងអស់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និង ការតភ្ជាប់គ្រប់ផ្នែក។ ក្នុងស្មារតីនេះ, សម្តេចតេជោបានលើកឡើងថា យើងគួរធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែង នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និង ពង្រឹងប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីក។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចទៅប្រទេសហុងគ្រី រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ហើយនៅថ្ងៃទី១៤ ខែមិថុនា សម្តចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសហុងគ្រី ទៅចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នៅប្រទេសតាជីគីស្ថាន។
សមិទ្ធផលជូនជាតិជាច្រើន ដូចជាការពង្រឹកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យមួយចំនួនទៀត ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រេចបានក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសទាំង២នេះ៕