(ភ្នំពេញ)៖ បន្ទាប់ពីមានការជជែកពិភាក្សាយ៉ាងផុលផុសនៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ទីបំផុតទៅសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានសមាជិករដ្ឋសភាលើកដៃអនុម័តចំនួន១០៨សំឡេង។
ក្នុងប្រជុំរដ្ឋសភាពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួមពីសមាជិកសភាប្រមាណ ១០៧រូបផ្សេងទៀត។
លោកស្រី និន សាផុន ប្រធានគណៈកម្មការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នកអានរបាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ជូនអង្គសភា។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។ សមាជិកសភាពីររូប គឺលោកបណ្ឌិតរដ្ឋ ជាម យៀប និង លោក ជា វ៉ាន់ដេត បានឡើងមានមតិយោបល់មួយចំនួនលើសេចក្តីព្រាងច្បាប់នេះផងដែរ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានលើកយកមកពិភាក្សាម្តងមួយជំពូកៗ រហូតដល់រួចរាល់ទាំង ៩ជំពូក។
សូមបញ្ជាក់ថា សេចក្តី ព្រា ងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គឺជាច្បាប់ដែល មាន ភាព ចាំ បាច់បំផុតក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានប្រេងកាតក្នុងព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត បានរៀបចំឡើងដោយត្រូវបានបែកចែកជា ៩ជំពូក និង៧២មាត្រា។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បី ឆ្លើយតបទៅនឹងការវិវត្តនៃវិស័យ ប្រេងកាត ក្នុងបរិបទ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ពិសេសក្នុងគោលបំណង ជំរុញអភិវឌ្ឍន៍វិស័យប្រេងកាតប្រកបដោយនិរន្តរភាព និង ប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ច សង្គម និង ផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលបច្ចុប្បន្នការស្វែងរុករក និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និង សមុទ្រ បាននិងកំពុងដំណើរការទៅមុខដោយក្នុងនោះ ប្លុកប្រេងកាតមួយនៅដែនសមុទ្រ កំពុង ឈានទៅរកការបូមយកប្រេងលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានាឆ្នាំខាងមុខនេះ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តន៍លើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យ នៃព្រះរាជាណាចក្រ កម្ពុជា រួមទំាងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទំាងតំបន់ផ្សេងៗទៀត ដែលព្រះរាជាណាចក្រកម្ពុជាមានសិទ្ធិអធិបតេយ្យ ។
សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា ការគ្រប់គ្រងវិស័យប្រេងកាត ត្រូវផ្អែកលើគោលការណ៍តម្លាភាព គណនេយ្យភាព សមធម៌ ក្នុងវឌ្ឍនភាព សង្គមនិងសុខុមាលភាពសាធារណៈ សន្តិសុខ និងសុវត្ថិភាព និងការទទួលខុសត្រូវបរិស្ថាន។
ដើម្បីអនុវត្តន៍គោលការណ៍នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការគ្រប់គ្រងវិស័យប្រេងកាតត្រូវធានាឱ្យបាននូវ៖ ១. ផលប្រយោជន៍ជាតិ ជាអតិបរមា, ២. ឧត្តមានុវត្តក្នុងសកម្មភាពផ្នែកអាប់ស្ទ្រីម និងដោនស្ទ្រីម, ៣. ការផ្គត់ផ្គង់ផលិតផល ប្រេងកាតប្រកបដោយគុណភាព បរិមាណ និងតម្លៃ ដែលរួមចំណែកដល់ការពង្រឹងសន្តិសុខថាមពលជាតិ, ៤. ការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន, ៥. ការកសាងជំរុញ និងលើកតម្កើងសមត្ថភាពជាតិទាំងផ្នែក បច្ចេកទេស និងធុរកិច្ចក្នុងវិស័យប្រេងកាត, ៦. ការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និង សេវាកម្មក្នុងស្រុក, ៧. ការបង្កើនចំណូលថវិកាជាតិ និង ៨. ការបង្កើតផលប្រយោជន៍ផ្ទាល់ ដល់ សហគមន៍មូលដ្ឋាន និង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ប្រតិបត្តិការប្រេងកាត។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានឱ្យដឹងថា កម្ពុជាមានប្លុកស្វែងរុករកប្រេងកាតចំនួន២៥។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង ៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ។ ក្នុងនោះក្រសួងបាននិងកំពុងសហការជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ធ្វើការបូមប្រេងនៅអណ្តូងអប្សរាក្នុងប្លុក Aផងដែរ៕