(ភ្នំពេញ)៖ កម្លាំងនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យជាថៅកែក្លឹបកម្សាន្ត «លុច្សសារី» ទៅកាន់តុលាការក្រុងភ្នំពេញហើយ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្លឹប (លុច្សសារី) ក្រោយចាប់ខ្លួនបានកាលពីថ្ងៃម្សិលមិញ។

ជនសង្ស័យឈ្មោះ ហួន ទួច អាយុ៤០ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមិថុនា នៅទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង។

ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងតាមដីការបង្គាប់របស់ លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តនៅចំណុចក្លឹប (លុច្សសារី) ផ្ទះលេខ៤២ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩. តាមមាត្រា ៤២ និងមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយបញ្ចប់ការសាកសួរបន្ថែម នៅរសៀលថ្ងៃដដែលនេះ ចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ហួន ទួច ដាក់ពន្ធនាគារ ដើម្បីរង់ចាំធ្វើការជំនុំជម្រះនៅពេលក្រោយ៕