(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាល ពិភាក្សាការងារជាមួយ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៉ីប្រចាំកម្ពុជា នៅសាលាខេត្តត្បូងឃ្មុំ។

នៅក្នុងជំនួបពិភាក្សានោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Eldeen Husaini BIN MOHD HASHIM (អែលឌីន ហាស់សាយនី ប៊ីន មហា ស៉ីម) ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញប្រាប់ពីស្ថានភាពភូមិសាស្ត្រដ៏ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច។

លោកថ្លែងប្រាប់បន្តថា ចំពោះកម្រិត GDP របស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDPប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរណ៍ ព្រោះខេត្តត្បូងឃ្មុំមានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ០៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ថ្លែងលើកឡើងនាពេលនោះ លោក Eldeen Husaini BIN MOHD HASHIM បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ។ លោកបាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៉ី ដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជំរុញការនាំអង្ករទៅប្រទេសម៉ាឡេស៉ី។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៉ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៉ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការវិនិយោគលើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជាគម្រោងកសាងផ្ទះស្នាក់នៅ ធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ។

ឆ្លើយតបនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងទៀតថា ខេត្តត្បូងឃ្មុំសូមស្វាគមន៍ ចំពោះការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៉ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្ត។ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យខាងម៉ាឡេស៉ី បង្កើនទំនាក់ទំនងផងដែរ ទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៉ី ពិសេសខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានគោរពអញ្ជើញលោកបណ្ឌិតអភិបាលខេត្ត និងក្រុមការងារ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគម្រោងការអភិវឌ្ឍលំនៅដ្ឋាន របស់ក្រុមហ៊ុនម៉ាឡេស៉ី នៅខេត្តត្បូងឃ្មុំវិញផងដែរ៕