(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហោះសារមួយក្នុងគណនីហ្វេសប៊ុករបស់លោក ដែលប្រៀបដូចជាកន្តឹងរំឮកដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋសារជាថ្មីថា ឲ្យបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារ និងការអនុញ្ញាតឲ្យកុមារចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មផលិតឥដ្ឋ ជាបន្ទាន់ប្រសិនជាធ្លាប់មាននាពេលកន្លងមក ពីព្រោះសកម្មភាពនេះមិនត្រឹមតែខុសនឹងច្បាប់ការងារ ដែលត្រូវរងនូវការពិន័យពីអធិការការងារនោះទេ វាក៏អាចជាបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ មួយផងដែរ។
បើតាមការបញ្ជាក់បន្ថែមរបស់លោក ហេង សួរ ជាមួយអង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «បទល្មើសព្រហ្មទណ្ឌនេះ ក៏អាចចោទទៅលើមេការ ឬអ្នកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ដែលខកខានក្នុងការដាក់ស្លាកសញ្ញាហាមក្មេង និងធ្វើរបងការពារការចូលទៅដល់ខ្សែសង្វាក់ផលិតកម្មផងដែរ។ រីឯឪពុកម្តាយរបស់កុមារដែលជាអ្នកនាំកុមារចូលដល់ខ្សែសង្វាក់ផលិតកម្ម រំលោភលើបំរាម និងលក្ខខណ្ឌសុវត្ថិភាពការងារ ក៏អាចត្រូវចោទប្រកាន់ពីករណីព្រហ្មទណ្ឌដូចគ្នាផងដែរ ប្រសិនជាមានឧបទ្ទវហេតុហេតុគ្រោះថ្នាក់ណាមួយកើតឡើងចំពោះកុមារ»។
សូមរំឮកថា កាលពីពេលថ្មីៗនេះ ក្រសួងការងារ បានចេញសេចក្តីណែនាំលេខ ០៥៦/១៩ ស្តីពី ការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ ដែលក្នុងសេចក្តី ណែនាំនោះក៏បានហាមការប្រើប្រាស់បំណុលដើម្បីដាក់បន្ទុកលើកម្មករផងដែរ។
ដើម្បីធានានូវប្រសិទ្ធភាព នៃការអនុវត្តសេចក្តីណែនាំលេខ ០៥៦/១៩នេះ កាលពីថ្ងៃទី១៧ ខែមិថុនានេះ ក្រសួងក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយមួយ ដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥ ឲ្យបានយល់ និងត្រូវចាប់ផ្តើមសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋទាំងអស់ដែលស្ថិតក្នុងដែនរបស់ខ្លួន។
បើតាមលោក ហេង សួរ ឆ្នាំ២០២០ ជាឆ្នាំគោលដៅ ដែលក្រសួងកំណត់មិនឲ្យមានការប្រើប្រាស់កុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ហើយតាមរយៈសិក្ខាសាលាផ្សព្វផ្សាយ និងវិក្រឹត្យការសមត្ថភាពដល់មន្ត្រី អធិការកិច្ចការងារនាពេលថ្មីៗនេះ គឺមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចាប់ផ្តើមអនុវត្តការផាកពិន័យភ្លាមៗ ចាប់ពីថ្ងៃនេះតទៅប្រសិនជារកឃើញបទល្មើសនេះ៕