(ព្រះសីហនុ)៖ កំណាត់ផ្លូវលេខ១៤៩ នៅខេត្តព្រះសីហនុ នឹងត្រូវផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពេលរងការវាយប្រហារដោយ ជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុក្នុងខេត្តព្រះសីហនុ ទទួលសម្ពាធភ្លៀងធ្លាក់ជាប់ៗគ្នា ដែលជាហេតុបណ្តាលឱ្យផ្លូវក្នុងទីក្រុងមួយចំនួនរងការជន់លិចដោយទឹកភ្លៀង និងខូចខាតជាដំណំ ជាពិសេសលើកំណាត់ផ្លូវលេខ១៤៩ (តភ្ជាប់ពីចំណុចផ្លូវជាតិលេខ៤ ក្បែរទីបញ្ជាការកងរាជអាវុធហត្ថក្រុង ទល់នឹងឆ្នេរអូរត្រេះ) រងការខូចខាតយ៉ាងខ្លាំង និងដាច់ផ្លូវជាច្រើនកន្លែង។
អាជ្ញាធរខេត្តមាត់សមុទ្រនេះ បានបន្តទៀតថា ហេតុដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុសូមប្រកាសផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវលេខ១៤៩ ជាបណ្តោះអាសន្នចាប់ពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ធ្វើដំណើរតាមផ្លូវវាងដទៃទៀតដើម្បីទៅកាន់តំបន់នោះ។
រដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងសារជាថ្មី ក្រោយពីកំណាត់ផ្លូវនេះត្រូវបានធ្វើការជួសជុល និងសាងសង់ចប់ជាស្ថាពរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ៖