(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់នៃសភាកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ (ASEAN-AIPA Leaders Interface during the 34th ASEAN Summit) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៣ ខែមិថុនាខាងមុខ។
ក្នុងកិច្ចប្រជុំខាងលើនេះ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងចូលរួមផ្តល់នូវអនុសាសន៍ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន ព្រមទាំងចែករំលែកទស្សនៈស៊ីជម្រៅអំពីការរួមគ្នាដោះស្រាយបញ្ហាទាំងនោះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អក្នុងបណ្តាប្រទេសជាសមាជិកអាយប៉ា ស្របតាមស្មារតីសសរស្តម្ភទាំង៣របស់អាស៊ាន គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
គណៈប្រតិភូសភាកម្ពុជា នឹងពាំនាំនូវធាតុចូលដែលជាទស្សនៈរបស់សភាកម្ពុជា ក្នុងនាមជាប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍រួម ដែលនឹងឡើងថ្លែងដោយលោក ឆួន លីគប៉ៃ ប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤០ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន និងសភា តំណាងអាយប៉ា។
សូមបញ្ជាក់ថា លោក ឆួន លីគប៉ៃ មានភារកិច្ចធ្វើសេចក្តីរាយការណ៍ ដែលខ្លឹមសារក្នុងរបាយការណ៍នោះ គឺជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននិងកំពុងបន្តអនុវត្តកន្លងមក ព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ានឱ្យកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។
ក្រៅពីកិច្ចប្រជុំនេះ លោកស្រី ឃួន សុដារី គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីសភាប្រទេសសមាជិកអាយប៉ា ក្នុងគោលបំណងរួបរួមគ្នាពង្រឹង និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ការចែករំលែកភាពរីកចម្រើន ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពស្មើគ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោក។
សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងអាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាយប៉ា ដែលជាការគាំទ្រគ្នាទៅវិញទៅមករវាងអង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ជាមួយនឹងការពន្លឿន និងជំរុញឲ្យសម្រេចបាននូវសហគមន៍ ASEAN មួយ ដោយឈរលើមូលដ្ឋាន «ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារសំខាន់នៃអាស៊ាន» និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។
គួររម្លឹកផងដែរថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ាលើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅហ៊ួហ៊ីន តាមការផ្តួចផ្តើមគំនិតរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ាបានប្រព្រឹត្តទៅចំនួន ៨លើក រួចមកហើយ ដែលលើកចុងក្រោយនៅឆ្នាំ ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕