(ភ្នំពេញ)៖ មីន គឺជាវិញ្ញាណកំណាចដែលឆក់យកជីវិតមនុស្សលោក។ យោងតាមស្ថិតិមិនពេញលេញមួយបានបង្ហាញថា បច្ចុប្បន្នពិភពលោកមានបរិមាណមីនចំនួនជាង១១០លាន គ្រាប់ពង្រាយនៅតាមប្រទេសជាង៧០ប្រទេស ហើយជារៀងរាល់ឆ្នាំមានមនុស្សជាង២ម៉ឺន នាក់រងរបួស និងបាត់បង់ជីវិតដោយសារវា។
ក្នុងនោះមីនមួយចំនួនត្រូវបានបន្សល់តាំងពីសម័យសង្រ្គាមពិភពលោកលើកទី២ ទីតាំងបង្កប់មីនជាច្រើនមិនត្រូវបានដឹងច្បាស់ឡើយ នាពេលបច្ចុប្បន្ន ដែលបង្កជាការគំរាមកំហែងឥតស្រមោលយ៉ាងធ្ងន់ធ្ងរ។ អ្នកខ្លះធ្លាប់និយាយថា ស្លាកស្នាមសង្រ្គាមដែលពិបាកលុបបំបាត់ជាងគេមិនមែនផ្ទះដែលរលំ និងស្ពាន ដែលបាក់បែកទេ តែជាមីនបង្កប់ក្រោមដី។
គ្រោះថ្នាក់មីន នៅតែជាឧបសគ្គសម្រាប់កិច្ចកសាងជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅនេះ គ្រោះថ្នាក់មីនបានបង្ករបួស និងឆក់យកជីវិត ប្រជាជនកម្ពុជាចំនួនជាង៥ម៉ឺននាក់ ក្នុងនោះត្រឹមតែឆ្នាំ២០១៨ មានជាង៣០ករណី។ ខ្ញុំធ្លាប់បានអានអត្ថបទព័ត៌មានមួយ និយាយអំពីក្រុមគ្រួសារដែលមានគ្នា៣នាក់ រស់នៅ ជាយក្រុងភ្នំពេញ បុរសជាប្ដីឈ្មោះ Rangqi រាល់ថ្ងៃគាត់ក្រោកពីដំណេកម៉ោង៤ទៀបភ្លឺ និងចាប់ផ្ដើមរត់ហាត់កីឡាចម្ងាយ៨ គីឡូម៉ែត្រ។
នៅពេលដែលព្រះអាទិត្យរះចាំងមកផែនដី គាត់ដោះចេញជើងសប្បនិមិត្តសំឡីកែវប្ដូរដាក់ជើងសប្បនិមិត្តកៅស៊ូវិញម្ដង រួចចាប់ផ្ដើមការងារថ្ងៃថ្មីរបស់គាត់។ កាលពីជាង១០ឆ្នាំមុន នៅពេលប្រពន្ធគាត់ចុះស្វែងរករ៉ែជាមួយគ្រួសារ នាងបានទទួលរងអកុសលជាន់ត្រូវមីនធ្វើឲ្យបាត់បង់ជើងខាងស្ដាំ។ រាល់ពេលខ្ញុំលឺអំពីគ្រោះថ្នាក់ផ្ទុះមីនម្ដងៗ ខ្ញុំតែងតែនឹកឃើញ ដល់ព័ត៌មានមួយនេះ និងមានអារម្មណ៍ កំសត់ជាខ្លាំងចំពោះទុក្ខលំបាកសែនពិបាកថ្លែងរបស់ក្រុមគ្រួសារទាំងនោះ។
ប៉ុន្តែអ្វីដែលជាកម្លាំងចិត្តរបស់មនុស្សទាំងឡាយនោះគឺកិច្ចការសម្អាតមីន និងរក្សាភាពស្ងប់សុខបានក្លាយជារបៀបវារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបាន ភាពរីកចម្រើនយ៉ាងវិជ្ជមានក្នុងការងារនេះ។ ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាស្វែងរក និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣.៨លានគ្រាប់, ជនរងគ្រោះ ដោយសារមីនមានការថយចុះជាបន្តបន្ទាប់រាល់ឆ្នាំ, ផ្ទៃដីមួយចំនួនធំដែលទទួលរងបំពុល ត្រូវបានសម្អាតរួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងកិច្ចស្ដារកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្រោយសម័យសង្រ្គាម។ យោងតាម «ផែនការយុទ្ធសាស្រ្ត សកម្មភាពបោសសម្អាតមីនឆ្នាំ ២០១៨-២០២៥» កម្ពុជានឹងសម្រេចបានការងារបោសសម្អាតមីនទាំងស្រុងនៅឆ្នាំ២០២៥។ នេះបង្ហាញច្បាស់អំពីការប្ដេជ្ញាចិត្តក្នុងការកំចាត់មីន ឲ្យបានទាំងស្រុង និងទស្សនៈដឹកនាំដែលតែងចាត់ទុកសុវត្ថិភាពសុខុមាលភាពប្រជាជន ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
សកម្មភាពបោសសម្អាតមីនរបស់ចិន «ចេញដំណើរជាថ្មីម្ដងទៀត»៖
ចិនតែងប្រកាន់ខ្ជាប់ទស្សនបុរាណមួយថា «កាលណាយើងក្រលំបាក យើងត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍខ្លួនឯង កាលណាយើងមានបាន យើងត្រូវព្យាយាមនាំផលប្រយោជន៍ ជូនអ្នកជិតខាងវិញ» ហើយការប្រព្រឹត្តអំពើល្អ និងចេះជួយយកអាសារគ្នា គឺជាគុណធម៌ប្រពៃណីរបស់ចិន។ ប្រទសចិនក៏ធ្លាប់ទទួលរងគ្រោះដោយមីនដែរ តំបន់ព្រំដែនខេត្ត យូណាន និងខេត្តក្វាងស៊ី នៅមានកាកសំណល់មីន និងគ្រឿងផ្ទុះជាច្រើន។ ដើម្បីអភិវឌ្ឍតំបន់ព្រំដែនលើកកម្ពស់ជីវភាពប្រជាជន ចាប់តាំងពីទស្សវត្សន៍៩០ សតវត្សន៍មុន ចិនបាន បង្កើតសកម្មភាពបោសសម្អាតមីនតាមព្រំដែនទ្រង់ទ្រាយធំចំនួន៣លើក ហើយបច្ចុប្បន្ន គ្រោះហានិភ័យមីនត្រូវបានសម្អាតរួចជាស្ថាពរ។ សកម្មភាពបោសសម្អាតមីនផ្សេងៗ បានសន្សំជាបទពិសោធន៍សម្រាប់យើង និងបញ្ជាក់អំពីភាពអាចសម្រេចបាន ទុកចិត្តបាន និងសុវត្ថិភាពបរិក្ខារបច្ចេកទេសក្នុងវិស័យសម្អាតមីនរបស់ចិនផងដែរ។
ដើម្បីជាជំនួយដល់ប្រទេសរងគ្រោះថ្នាក់មីន លោកប្រធានាធិបតី Xi Jinping កាលពី ឆ្នាំ២០១៥ ធ្លាប់បានប្រកាសអំពីវិធានការណ៍សំខាន់ជាច្រើនសម្រាប់គាំទ្រនិងពង្រឹងបន្ថែម លើសកម្មភាពរក្សាសន្តិភាពក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំកំពូលបុព្វហេតុ សន្តិភាពអង្គការសហប្រជាជាតិ ក្នុងនោះរួមមានគម្រោងជំនួយសម្អាតមីន១០ដងក្នុង រយៈពេល៥ឆ្នាំផងដែរ។ ជាការពិត មុនពេលលោកប្រធានាធិបតី Xi ប្រកាស វិធានការណ៍ទាំងនេះ ប្រទេសចិនតែងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យមីនគោលដៅមនុស្សធម៌ និងបានផ្ដល់ជាជំនួយបោសសម្អាតមីនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបញ្ហាមីនធ្ងន់ធ្ងរ តែមិនមានលទ្ធភាពផ្ទាល់ខ្លួនគ្រប់គ្រាន់ យើងប្រឹងប្រែង ជួយពួកគេឲ្យសម្រេចបានកិច្ចអភិវឌ្ឍន៍ចីរភាពក្នុងសកម្មភាពសម្អាតមីន។ ចាប់ពីឆ្នាំ១៩៩៨ ចិនតែងផ្ដល់ជំនួយមនុស្សធម៌ក្នុងវិស័យមីន តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស បញ្ជូនអ្នកជំនាញចុះណែនាំហ្វឹកហាត់ដល់ទីតាំងផ្ទាល់ និងជំនួយសម្ភារៈសម្អាត មីនផ្សេងៗជារៀងរាល់ឆ្នាំ។ ស្ថិតិបង្ហាញថាមកទល់សព្វថ្ងៃ ចិនបានផ្ដល់ជំនួយប្រភេទនេះ និងបណ្ដុះបណ្ដាលអ្នកជំនាញសម្អាតមីនជិត១០០០នាក់សម្រាប់ប្រទេសជាង៤០នៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ដែលក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
បង្កើតយុគសម័យថ្មីលើកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងវិស័យសម្អាតមីន៖
ក្នុងនាមជាបងប្អូនល្អ មិត្តភក្ដិល្អ កម្ពុជាគឺជាគោលដៅសំខាន់នៃជំនួយ និងកិច្ចសហប្រតិបត្តិការសម្អាតមីនរបស់ចិន។ កិច្ចសហប្រតិបត្តិការសម្អាតមីនរវាងចិន និងកម្ពុជា គឺជា ខ្លឹមសារសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ និងជាការងារសំខាន់មួយដែលខ្ញុំផ្ទាល់ជាឯកអគ្គរដ្ឋទូតចិនត្រូវតែជំរុញទៅមុខ។ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាគីទាំងសងខាងសម្រេចបានកាន់តែស៊ី ជម្រៅលើកិច្ចសហប្រតិបត្តិការវិស័យមីនក្នុងប៉ុន្មានឆ្នាំនេះ។
ចិនទាំងកម្រិតរដ្ឋាភិបាល យោធា និងសង្គមស៊ីវិលបានបន្តពង្រីកកម្លាំងគាំទ្រ និងជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការ សង្រ្គោះអាយុជីវិត និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល ការផ្ដល់បរិក្ខាសម្អាតមីន និងសម្ភារៈជំនួយមនុស្សធម៌ផ្សេងៗ។ ជំនួយរដ្ឋាភិបាលចិន គឺជាជំនួយស្មោះត្រង់ និងគ្មានភាពអាត្មានិយមក្នុងនោះទេ ភាគីចិនរីករាយនាំយកបទពិសោធន៍ និងវិធីសាស្រ្តសម្អាតមីនដែលខ្លួនដកពិសោធន៍បាន ធ្វើការចែករំលែកជូនកម្ពុជាដោយមិនលាក់លៀម។ នេះមិនត្រឹមជាសញ្ញាណតំណាងឲ្យការចូលរួមការពារ សន្តិភាពពិភពលោកផ្សព្វផ្សាយទស្សនៈមនុស្សធម៌ទេ ថែមទាំងជាភស្ដុតាងជាក់ច្បាស់នៃទំនាក់ទំនងមិត្តភាពចិន និងកម្ពុជាផងដែរ។
ឆ្នាំនេះរដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយបរិក្ខាសម្អាតមីន និងសម្ភារៈមនុស្សធម៌សរុបជាទឹកប្រាក់ប្រមាណ៥លានយ័ន និងបន្តបើកវគ្គបណ្ដុះបណ្ដាលអ្នកជំនាញស្វែងរក និងសម្អាតមីនចំនួន៤០នាក់ ជូនដល់ភាគីកម្ពុជា ដើម្បីជាកម្លាំងជំនួយក្នុងសកម្មភាពសម្អាតមីន និងកិច្ចការសង្រ្គោះផ្នែកមនុស្សធម៌របស់កម្ពុជា។ នេះមិនត្រឹមជាវិធានការណ៍ សំខាន់ក្នុងការអនុវត្តកុងសង់ស៊ីសថ្នាក់ដឹកនាំប្រទេសទាំងពីរទេ ថែមទាំងជាការសន្យាយ៉ាងម៉ឺងម៉ាត់របស់ចិន ក្នុងការជួយកម្ពុជាឲ្យសម្រេចបានកិច្ចការសម្អាតគ្រោះថ្នាក់មីន សង្រ្គោះអាយុជីវិត និងកសាងសហគមន៍គ្រួសារស្រស់ស្អាតថ្មីម្ដងទៀត។
ប្រទេសចិនមានពាក្យស្លោកមួយពោលថា «ប្រសិនបងប្អូនមានចិត្តរួមគ្នា កម្លាំងសាមគ្គី អាចកាត់ផ្ដាច់មាសបាន»។ ទោះបីជាចិននៅជាប្រទេសកំពុងអភិវឌ្ឍន៍ មិនមានសមត្ថភាព ហិរញ្ញវត្ថុខ្លាំងក្លា ប៉ុន្តែយើងស្ម័គ្រចិត្តចូលរួមជាកម្លាំងមួយចំណែកក្នុងភារកិច្ច និងបេសកម្ម យ៉ាងខ្ពង់ខ្ពស់របស់បងប្អូនល្អយើង។ ខ្ញុំជឿជាក់ថា ក្រោមកិច្ចខិតខំរួមគ្នារវាងចិន និងកម្ពុជា រឿងអកុសលដែលបានកើតលើគ្រួសារ Rangqi នឹងមិនមានជាថ្មីទេ ទំនាក់ទំនងទ្វេភាគី និងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា ច្បាស់ជានឹងរីកចម្រើនទៅមុខយ៉ាងរឹងមាំ។
ដោយ៖ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា