(ភ្នំពេញ)៖ នគរបាលច្រកទ្វារអន្ដរជាតិក្អមសំណរចំនួន៣នាក់ និងបក្ខពួកម្នាក់ទៀត ដែលពាក់ព័ន្ធនឹង ករណីលាយថ្នាំឲ្យនារីខារ៉ាអូខេផឹក បណ្ដាលឲ្យស្លាប់ និងពុលកន្លងទៅនោះ ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។
ជនសង្ស័យ៤នាក់នេះ រួមមាន៖ ទី១៖ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ, ទី២៖ ឈ្មោះ ចន្រ្តា វណ្ណៈ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ, ទី៣៖ ឈ្មោះ កែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វអន្តរជាតិក្អមសំណរ និងទី៤៖ ឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរកម្មករ។
ឈ្មោះ ទឹម វឌ្ឍនៈត្រូវបានតុលាការចោទប្រកាន់បទ «ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» និងចំណែក ៣រូបផ្សេងទៀត ត្រូវបានចោទពីបទ «ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ករណីមិនរាងចាល)» នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មាត្រា៤២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បទ «ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» កថាខណ្ឌទី៤ បានចែងថា ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១០ ទៅ២០ឆ្នាំ និងពិន័យប្រាក់ពី២០លានរៀល ទៅ៤០លានរៀល ក្នុងករណីដែលការប្រព្រឹត្តល្មើស បានបណ្តាលឱ្យស្លាប់មនុស្ស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជនសង្ស័យមានគ្នា៥នាក់ (បក្ខពួករបស់ពួកគេម្នាក់ទៀតរត់គេចខ្លួន) បានចូលទៅច្រៀងខារ៉ាអូខេនៅហាង «ម៉ីម៉ី» ស្ថិតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយហៅនារីកំដរចំនួន០៤នាក់។
របាយការណ៍សមត្ថកិច្ច បានបង្ហាញថា លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន២ដប ទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់ ហើយលាយគ្នារួចឲ្យគ្នីគ្នាចាក់ចូលកែវតូចៗឲ្យនារីកំដររៀងៗខ្លួនផឹក បានជា៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច រហូតដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ យកទៅសួរនាំតែម្តង។
ករណីនេះ បានបណ្តាលឱ្យនារីដែលបម្រើការងារនៅក្នុងខារ៉ាអូខេខាងលើម្នាក់ស្លាប់ និង៣នាក់ទៀតធ្លាក់ខ្លួនឈឺធ្ងន់។
លុះព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល ក្រោមការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក៏បានចុះទៅឆែកឆេរទីតាំងបន្ទាប់ខារ៉ាអូខេ «ម៉ីម៉ី» ដែលកើតឡើងនូវហេតុការណ៍នេះ។ ក្រោយចុះឆែកឆែរកម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំម្សៅពណ៌សស្រអាប់ ០១កញ្ចប់តូច, ដបទឹកមាន បន្សល់ទឹកថ្នាំពណ៌លឿង និងសំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១) ថែមទៀត៕