(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោងជាង៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រយៈពេល២ថ្ងៃ នៅថ្ងៃទី២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះបានផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។
កិច្ចប្រជុំកំពូលនេះ ក៏នឹងរិះរកមធ្យោបាយនានា ក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។
ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម៖
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។
នៅក្នុងប្រជុំកំពូលអាស៊ានលើកទី៣៤ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុកដាក់ផងដែរ ទៅលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ានក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យអាស៊ានឆ្លើយតបទៅនឹងការប្រឈមនៃគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងនៃសំរាមដែលបច្ចុប្បន្ននេះកំពុងតែរាតត្បាតនៅនៅតាមឆ្នេរកោះនៃប្រទេសសមាជិកអាស៊ាន។
ប្រមុខរដ្ឋាភិបាលអាស៊ានបានផ្លាស់ប្ដូរមតិយោបល់ពិភាក្សាលើបញ្ហាប្រឈមលើការគ្រប់គ្រងបញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាលអាស៊ានក៏បានជំរុញធ្វើយ៉ាងឱ្យអាស៊ានដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គីភាព ការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យអាស៊ាននេះ ឆ្លើយតបនឹងអ្វីដែលអាស៊ានកំពុងតែកសាងសហគមន៍នេះ។ លើសពីនេះទៀត ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ានក៏បានជំរុញធ្វើយ៉ាងណាឲ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយក៏បានឯកភាពទៅលើប្រធានបទដែលដាក់ចេញដោយប្រធានអាស៊ាននេះ៕