(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ សម្ដែងនូវសេចក្ដីសោកស្ដាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើង នៅចុងសប្ដាហ៍កន្លងមក ដោយសារតែការរលំបាក់ អគារកំពុងសាងសង់នៅខេត្តព្រះសីហនុ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិត និងរងរបួសមួយចំនួនទៀត។
អង្គភាពអ្នកនាំពាក្យ បានយល់អំពីស្ថានភាពលំបាករបស់ក្រុមគ្រួសារនៃសព និងអ្នករងរបួស ក៏ប៉ុន្ដែរាជរដ្ឋាភិបាល បាននិងកំពុងធ្វើកិច្ចការនេះ និងវិធានការផ្សេងៗទៀត ដើម្បីរួមចំណែកដោះស្រាយ ទុក្ខលំបាកជូនក្រុមគ្រួសារជនរងគ្រោះ បណ្ដាលពីឧបទ្ទវហេតុនេះ។ អង្គភាពអ្នកនាំពាក្យ សូមចូលរួមរំលែកទុក្ខ និងមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសព និងគ្រួសារជនរងគ្រោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សោកនាដកម្មនេះ ជារឿងឈឺចាប់របស់ជាតិយើង ហើយបានចាត់វិធានការភ្លាមៗ ជាមួយនឹងវត្តមានជាក់ស្ដែងផ្ទាល់ នៅនឹងកន្លែងកើតហេតុ ដែលសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ អំពីការរួមសុខរួមទុក្ខរបស់សម្ដេចតេជោ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងកាលៈទេសៈ ដោយមិនគេចចេញពីបញ្ហាណាមួយនោះឡើយ។
អង្គភាពអ្នកនាំពាក្យ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ គ្រប់បណ្ដាស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសប្បុរសជនជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងទាន់ពេលវេលា រួមវិភាគទានទាំងកម្លាំងកាយ សម្ភារៈ និងថវិកា ឆ្លើយ តបទៅនឹងកិច្ចសង្រ្គោះបន្ទាន់ដល់ជនរងគ្រោះទាំងអស់។
ទង្វើនេះជាការបង្ហា្ញឱ្យឃើញជាក់ស្ដែងនូវការឯកភាព សាមគ្គីភាព ក៏ដូចជា ឧត្តមគតិជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល និងប្រសិទ្ធភាព ក្នុងកិច្ចកសាងការពារជាតិរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី។
អង្គភាពអ្នកនាំពាក្យ គោរពជម្រាបជូនសាធារណជនជាតិ និងអន្ដរជាតិ មេត្តាជ្រាបថា ការដួលរលំអគារកំពុងសាងសង់ នៅក្រុងព្រះសីហនុ គឺស្ថិតនៅក្នុងឧបទ្ទវហេតុបច្ចេកទេសនៃសំណង់សុទ្ធសាធ មិនប៉ះពាល់ដល់បរិយាកាសនៃការវិនិយោគផ្នែកឧស្សាហកម្មសំណង់ និងអចលនទ្រព្យនោះទេ។ សូមសាធារណជនទាំងអស់ អធ្យាស្រ័យ ជៀសវាងនូវការសន្និដ្ឋាន ឬវាយតម្លៃណាមួយចំពោះឧបទ្ទវហេតុនេះ ដោយរង់ចាំលទ្ធផលស្រាវជ្រាវផ្លូវការរបស់គណៈកម្មការជាតិ។ រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជានិច្ច នូវរាល់ការបណ្ដាក់ទុន និងវិនិយោគគ្រប់វិស័យ មកកាន់ព្រះរាជាណាចក្រកម្ពុជា៕