(ភ្នំពេញ)៖ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម នឹងចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អភិបាលខេត្តនេះ បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ លោក គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចលោក គួច ចំរើន ជាអ្នកគ្រប់គ្រង។
ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ គឺជាករណីធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ការរលំបាក់អគារដែលមិនមានច្បាប់អនុញ្ញាតនេះ បានជំរុញឱ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសថៃភ្លាម បានចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
អាជ្ញាធរ សមត្ថកិច្ច រួមទាំងអ្នកជំនាញពាក់ព័ន្ធបានបើកប្រតិបត្តិការរុករក និងសង្រ្គោះជនរងគ្រោះ រយៈពេល២ថ្ងៃកន្លះ ទើបប្រតិបត្តិការនេះ បានបញ្ចប់ជាស្ថាពរ៕