(ព្រះសីហនុ)៖ មនុស្ស៣នាក់ទៀត មានទាំងជនជាតិខ្មែរ និងជនបរទេស ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធការបាក់រលំអគារសង្កត់ មនុស្សបណ្ដាលឲ្យស្លាប់ និងរបួសសរុបជាង ៥០នាក់ នៅក្រុងព្រះសីហនុ ក្រោយពីមនុស្ស ៤នាក់រួចហើយ ដែលជាជនជាតិចិន ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីម្សិលមិញ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះថា មនុស្ស ៣នាក់ទៀត ដែលមានទាំងខ្មែរ និងបរទេស ត្រូវបានចោទប្រកាន់រួចហើយ និងបានបញ្ចូនសំណុំរឿងបន្ដ ទៅកាន់ចៅក្រមស៊ើបសួរចាត់វិធានការតាមផ្លូវច្បាប់។
បើទោះបីអត្តសញ្ញាណជនត្រូវចោទទាំង៣នាក់ មិនត្រូវបានលាតត្រដាង ប៉ុន្ដែអ្នកនាំពាក្យអយ្យការរូបនេះ បានអះអាងថា ពួកគេក៏ត្រូវបានចោទប្រកាន់ ដូចជនជាតិចិនទាំង៤នាក់ផងដែរ ពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ក របួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នជនជាតិចិន ៤នាក់ ដែលក្នុងនោះមានម្ចាស់អគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ក្នុងការណីបាក់រលំអគារកំពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។
យោងតាងដីកាបង្គាប់ឲ្យឃុំខ្លួន៤សន្លឹកផ្សេងគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ម្ចាស់សំណង់អគារកម្ពស់៧ជាន់ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក ៣នាក់ទៀតរួមមាន ១៖ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់, ២៖ ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និង៣៖ ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។
អាជ្ញាធរខេត្តបញ្ជាក់ថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕