(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យសហការគ្នាធ្វើសកម្មភាព បង្កក់ទ្រព្យសម្បត្តិជនណា ដែលជួញដូរគ្រឿងញៀន និងជនណាដែលជួញដូរមនុស្ស។
ការលើកឡើងរបស់សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែបនេះ បានឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ឥទ្ធិពលគ្រឿងញៀននេះ បើតាមការយល់ឃើញរបស់សម្តេច វាមានផលអាក្រក់ណាស់។ ទីមួយ៖ វាធ្វើឱ្យបាត់បង់ធនធានមនុស្ស ព្រោះគ្រឿងញៀន វាយលុកក្នុងស្រទាប់យុវវ័យ ដែលកំពុងតែសិក្សារៀនសូត្រ ធ្វើឱ្យអនាគតប្រទេសជាតិត្រូវអន្តរាយ។ ទីពីរ៖ គ្រឿងញៀននេះ វាពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ អ្នកប្រើគ្រឿងញៀនអាចក្លាយទៅជាភេរវករ អាចទៅជាចោរលួច ចោរប្លន់ ដែលវាជាបទឧក្រិដ្ឋមួយ។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្តយ៉ាងដូច្នេះថា៖ «ចំណុចមួយទៀត ដែលខ្ញុំចង់និយាយនៅទីនេះ អ្នករកស៉ីគ្រឿងញៀន បានលុយមកតើលុយនោះ ជាលុយស្របច្បាប់ ឬមិនស្របច្បាប់? គេមិនដែលឱ្យតម្លៃឱ្យភាពស្របច្បាប់លុយដែលបានមកពីគ្រឿងញៀនជាលុយត្រឹមត្រូវទេ។ គេចាត់ទុកថា លុយបានមកពីការរកស៉ីគ្រឿងញៀននេះ គឺជាលុយកខ្វក់ គឺជាលុយខ្មៅ ហើយបើវាជាលុយខ្មៅហើយនោះ បទល្មើសគ្រឿងញៀនវាច្រើន វានឹងប៉ះពាល់ដល់ចរាចរលុយកាក់របស់កម្ពុជា ដែលនេះជាបញ្ហា»។
សម្តេចបន្តថា «អញ្ចឹងទេ ខ្ញុំស្នើដល់ស្ថាប័នតុលាការ ក៏ដូចជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហការគ្នាដើម្បីអនុវត្តនូវមាត្រាណាមួយ ខ្ញុំចាំមិនច្បាស់ទេ ប៉ុន្តែត្រូវតែបង្កក់ទ្រព្យសម្បត្តិ ទាំងលុយ ទាំងអចលនទ្រព្យ មានទាំងដី ម៉ូតូ ហើយលុយនោះពេលអនុវត្តសាលដីកា មានព្រះរាជអាជ្ញាទៅជាមួយសមត្ថកិច្ចហើយ។ បន្ទាប់មកទើបព្រះរាជអាជ្ញាចេញដីកាចោទប្រកាន់ គឺពេលហ្នឹងយើងត្រូវតែបង្កក់ទ្រព្យសម្បត្តិ តាំងពីពេលនេះទៅបានន័យថា តុលាការ ព្រះរាជអាជ្ញា គាត់ចេញដីការមួយបង្កក់ទ្រព្យសម្បត្តិ របស់ជនសង្ស័យគ្រឿងញៀន ព្រោះថាបើមិនអញ្ចឹងទេ យើងឃុំតែមនុស្សប៉ុន្តែលុយវាចរាចរណ៍»។
បើតាមសម្តេចក្រឡាហោម ស ខេង ករណីមួយទៀត ដែលសម្តេចស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យបង្កក់ទ្រព្យសម្បតិ្តនោះ គឺត្រូវបង្កក់ទៅលើជនណា ដែលរកស៉ីករណីជួញដូរមនុស្ស។ សម្តេចថ្លែងថា មូលហេតុដែលសម្តេច ស្នើទៅឱ្យមានការបង្កក់ទ្រព្យសម្បតិ្ត អ្នកជួញដូរមនុស្ស ព្រោះថវិកាដែលបានមកពី ការធ្វើសកម្មភាពជួញដូរមនុស្សនេះ វាអាចក្លាយជាហិរញ្ញប្បទាន បង្កជាភេរវកម្ម ហើយវាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «យកមនុស្សទៅលក់ ទៅដល់គេឱ្យធ្វើពលកម្ម ឱ្យជក់គ្រឿងញៀន ទម្រាំមកផ្ទះវិញស្គមស្គាំ មិនបានប៉ុន្មានក៏ស្លាប់ទៅ វាវេទនាណាស់.....»៕