(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យ គុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះបានធ្វើឡើង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក គន់ គីម ទេសរដ្ឋមន្រ្តីមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក យន្ត មីន អភិបាលខេត្តព្រះសីហនុដែលនឹងត្រូវផ្លាស់ប្តូរ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះ បានប្រកាសសមាសភាពគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងក្រុមការងារបច្ចេកទេស បានអនុម័ត និងដាក់ឱ្យអនុវត្ត check list ក្នុងការចុះពិនិត្យសំណង់ ដើម្បីមានមូលដ្ឋានវាយតម្លៃអំពីគុណភាពសំណង់ ព្រមទាំងស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេសនេះ ចាប់ផ្តើមអនុវត្តការងារ មួយសប្តាហ៍ក្នុងជំហានដំបូង ដោយត្រូវប្រតិបត្តិឱ្យបានម៉ងចត់ សុក្រឹត្យ និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ។
លទ្ធផលទទួលបាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបូកសរុប ព្រមទាំងពិគ្រោះយោបល់ជាមួយ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ និងសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរៀបចំឱ្យមានរថយន្តពន្លត់អគ្គិភ័យ សម្រាប់ខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រតិបត្តិការដល់កម្ពស់ ៥៧ជាន់ ចំនួន ២គ្រឿង សម្រាប់បង្កើនសមត្ថភាពសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។
សូមបញ្ជាក់ថា ក្រៅពីប្រជុំខាងលើ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏មានជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ១៦៥ក្រុមហ៊ុនផងដែរ។
ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានស្នើសុំឱ្យក្រុមហ៊ុននឹងនចិត្ត បង្កើនការវិនិយោគ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។
ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹក និងតភ្លើងជូនឡើយ៕