(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោសលើជនត្រូវចោទឈ្មោះ រ៉ាត់ រត្ន័មុនី ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តជាប្រាក់៣៥លានរៀល ទៅឲ្យជនរងគ្រោះ២នាក់បងប្អូន ដែលជាដើមបណ្តឹង។
សូមរំលឹកថា នៅក្នុងអង្គសវនាការកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ សាក្សីដ៏សំខាន់ម្នាក់គឺ លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានបញ្ជាក់ជូនអង្គសវនាការថា លោក រ៉ាត់ រ័ត្នមុនី បានស្នើសុំទីតាំងសាលារបស់លោកថតវីដេអូ រឿងជីវភាពប្រជាពលរដ្ឋខ្មែរក្រោយរបបប៉ុល ពត។
ផ្ទុយពីការស្នើសុំលោក រ៉ាត់ រ័ត្នមុនី បែរជាផលិតវីដេអូ ពាក់ព័ន្ធម្តាយលក់កូនឲ្យទៅបម្រើសេវាផ្លូវភេទ ដែលជាការប៉ះពាល់ដល់កិត្តិយសរបស់សាលា រហូតថ្នាក់ដឹកនាំហៅលោកទៅសាកសួរ និងស្តីបន្ទោស ហើយតួអង្គ និងជាជនរងគ្រោះ នៃសំណុំរឿងនេះក៏ បានអះអាងដូចៗគ្នាថា មុនពេលថតវីដេអូ លោក រ៉ាត់ រ័ត្នមុនី បានសន្យានឹងរកជំនួយជួយពួកគេឲ្យបើកមុខរបរ តាមរយៈជំនួយដែលបានពីការចាក់ផ្សាយវីដេអូនេះ។
នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនត្រូវចោទ រ៉ាត់ រ័ត្នមុនី បានអះអាងថា លោកគ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយលោកអត់បានដឹងទេ។ ជនជាប់ចោទ បានបញ្ជាក់ទៀតថា «ខ្ញុំក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ តែក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីទេ ដែលផលិតវីដេអូរឿង ម្តាយខ្ញុំ លក់ខ្ញុំដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ»។
សវនាការនេះដែរ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។
លើសំណុំរឿងដដែលនេះ កន្លងមកលោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុគ្គលឈ្មោះ រ៉ាត់ រដ្ឋមុនី មានមុខងារជាទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីធូដេ (RT) គឺបន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួនរួចបញ្ជូនមកឲ្យកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមអ្នកស្រី ឡុង គីមហ៊ាង ត្រូវជាភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មាន រុស្ស៊ី ធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំ ហើយការចាប់ខ្លួនប្តីអ្នកស្រី គឺពាក់ព័ន្ធនឹងការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មាន រុស្ស៊ី ធូដេ (RT)។
សូមបញ្ជាក់ថា ខ្សែវីដេអូ ដែលមានខ្លឹមសារ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ វីដេអូនេះ បានធ្វើឲ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕