(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការពិនិត្យ និងតាមដានការសាងសង់ អាកាសយានដ្ឋានអន្តរជាតិទាំងអស់ នៅប្រទេសកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានបារាំង SCA ដែលទទួលសិទ្ធិគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជា និងក្រុមហ៊ុនវិស្វករឯករាជ្យ Egis ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពសំណង់ នៃអាកាសយានដ្ឋានទាំង៣ ដែលកំពុងដំណើរការ នៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលឲ្យក្រុមហ៊ុនរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមទទួលភ្ញៀវអន្តរជាតិ មកចូលរួមក្នុងកិច្ចប្រជុំកំពូល ASEM ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំកំពូល ASEAN ឆ្នាំ២០២២ នៅខេត្តព្រះសីហនុនាពេលខាងមុខ។
ចំពោះលទ្ធផលនៃកិច្ចប្រជុំនោះ បានលេចចេញចំនួន៣ចំណុច៖
១៖ បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ភាគី ក្រុមហ៊ុនសម្បទានបារាំង SCA រួចមកគណ:កម្មការបានណែនាំឲ្យក្រុមហ៊ុនធានាយ៉ាងណាឲ្យការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅព្រលានយន្តហោះទាំង៣ ភ្នំពេញ សៀមរាប និងព្រះសីហនុ ឆ្លើយតបទៅនឹងកំណើនចរាចរផ្លូវអាកាស និងចំនួនអ្នកដំណើជាតិ និងអន្តរជាតិ។
សំខាន់បំផុត គឺធានាយ៉ាងណាឲ្យព្រលានយន្តហោះភ្នំពេញ មានចំណតបានច្រើន សម្រាប់ត្រៀមទទួលយន្តហោះ គណ:ប្រតិភូមកចូលរួមកិច្ចប្រជុំ ASEM នៅឆ្នាំ២០២០ នៅភ្នំពេញ និងព្រលានយន្តហោះព្រះសីហនុ ពង្រីកបន្ថែមផ្លូវរត់ពី២៥០០ម៉ែត្រ ទៅដល់៣៣០០ម៉ែត្រ និងសាងសង់ស្ថានីយ៍អ្នកដំណើរ ដើម្បីត្រៀមទទួលយន្តហោះគណ:ប្រតិភូ មកចូលរួមប្រជុំកំពូលអាស៊ាន នៅខេត្តព្រះសីហនុ នៅឆ្នាំ២០២២ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
២៖ គណៈកម្មការបានស្នើឲ្យក្រុមហ៊ុនសម្បទានបារាំង SCA ដាក់របាយការណ៍គម្រោងវិនិយោគ ឆ្នាំ២០២០ សម្រាប់ព្រលានយន្តហោះទាំង៣ ជូនគណ:កម្មការពិនិត្យ ផ្តល់យោបល់ និងសម្រេចនៅត្រឹមខែតុលា ឆ្នាំ២០១៩។
៣៖ សម្រេចបន្តសុពលភាពកិច្ចសន្យាការងាររយ:ពេល១ឆ្នាំ ឲ្យក្រុមហ៊ុនវិស្វករឯករាជ្យ Egis បន្តការងារត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់នានា ដែលអនុវត្តដោយក្រុមហ៊ុនសម្បទានបារាំង SCA ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ បានប្រកាសសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមួយ នៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ព្រលានយន្ដហោះកងកេង នៅក្នុងខេត្តព្រះសីហនុ ត្រូវក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង បានធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយ រាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិក ក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានផងដែរ៕