(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អំឡុងឆមាសទី១ ឆ្នាំ២០១៩នេះ កងទ័ពចូលរួមសហការ និងធ្វើជាម្ចាស់ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅតាមព្រំដែន បានជិត៣ពាន់លើក។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមបទល្មើសសរុប ២.៩៨១លើក ដែលត្រូវបានបង្រ្កាបបាននៅតាមព្រំដែននេះ មាននៅព្រំដែនកម្ពុជា-ថៃ ចំនួន១.២៨៩លើក ព្រំដែនកម្ពុជា-វៀតណាមចំនួន១.១៧៩លើក និងព្រំដែនកម្ពុជា-ឡាវចំនួន៥១៣លើក។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គឺក្នុងឆមាសទី១នេះ កងយោធពលខេមរភូមិន្ទ បានបន្តអនុវត្តភារកិច្ច តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបាននូវ សមិទ្ធផលការងារធំៗ ជាច្រើន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ របស់ខ្លួន ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕