(ស្វីស)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយ ក្នុងតំបន់អាស៊ាន បាននិងកំពុងសហការយ៉ាងជិតស្និត ជាមួយប្រទេសអាស៊ី១៥ផ្សេងទៀត ដើម្បីចរចារឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំមួយហៅកាត់ថា RCEP នៅឆ្នាំ២០១៩នេះ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុង កម្មវិធីបើកនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសាកល លើកទី៧ស្ដីពី «ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
ថ្លែងនៅចំពោះមុខប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានបញ្ជាក់ជូនយ៉ាងដូច្នេះថា «ប្រទេសកម្ពុជាកំពុងសហការយ៉ាងជិតស្និត ជាមួយប្រទេសអាស៊ីចំនួន១៥ទៀត ដើម្បីចរចារបញ្ចប់នៅក្នុងឆ្នាំ២០១៩នេះ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ហៅកាត់ថា RCEP ដែលមានផ.ស.ស (ផលិតផលក្នុងស្រុកសរុប) ចំនួន៣០%នៃ ផ.ស.ស ពិភពលោកគិតជាប្រាក់គឺប្រមាណ៨៥ទ្រីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៨»។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាកំពុងដើរតួយ៉ាងសកម្ម ក្នុងការអនុវត្តន៍កាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រែក្លាយអាស៊ានទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួម ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍន៍ដោយសមធម៌ ហើយធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។
RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភពលោក មានប្រជាជនស្ទើរតែពាក់កណ្តាល នៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១.៦% នៃផលិតកម្មពិភពលោក, ២៨.៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក។
សូមជម្រាបថា កាលពីខែមីនា ឆ្នាំ២០១៩ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំ RCEP ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប៕