(ស្វីស)៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជា ឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើងនិងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខ័ណ្ណអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។

ការមានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, ធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការ ពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបណ្តាប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ កម្មវិធីបានចាប់ផ្តើមនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងយល់ថា ពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើង និងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខ័ណ្ណអនុគ្រោះពិសេសដល់ប្រទេស កំពុងអភិវឌ្ឍន៍។ គឺនៅលើមូលដ្ឋាននៃជំនឿឥតងាករេនេះហើយ ដែលខ្ញុំបានណែនាំដល់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គរាជទូតរបស់ខ្ញុំ ឱ្យបន្តកិច្ចសហការជាមួយ សមាជិកដទៃទៀត ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងដំណើរការចរចាកែទម្រង់ WTO នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលតម្រូវឱ្យយើងរួមគ្នាពង្រឹងស្ថាប័នសកល «ពហុភាគីនិយម» ដ៏មានសារៈសំខាន់មួយនេះ»

សូមជំរាបថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO, សម្តេចតេជោ ហ៊ុន សែន បាននិយាយរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប (EU) ដែលកំពុងអនុវត្តន៍នីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា ឬហៅថា EBA នោះ។ សម្តេចតេជោ ហ៊ុន សែន បានហៅការចំណាត់ការរបស់ EU ក្នុងការព្យួរ EBA សម្រាប់កម្ពុជានេះ ជាការអនុវត្តន៍នូវស្តង់ដារច្រើនយ៉ាង។

នៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរក្សាជំហរមួយច្បាស់លាស់ដដែលពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចតេជោ បានអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។

តែបើទោះបីជាយ៉ាងណាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តពង្រឹងពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូល្អជាមួយកម្ពុជា ហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕