(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឲ្យភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ត្រូវបន្តសហការគ្នាឲ្យកាន់តែស្អិតរមួតថែមទៀត ដោយស្នើនូវរាល់ការជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តភ្ជាប់ខ្សែកាបអគ្គិសនី ឬបណ្តាញក្រោមដី ត្រូវតែជូនដំណឹង មកអាជ្ញាធររាធានីនូវគ្រប់ដំណាក់កាល ដើម្បីអាជ្ញាធរជូនដំណឹង និងសុំការយោគយល់ពីប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលទទួលម៉ៅការជួសជួលផ្លូវ ក្រោយពីជីកកាយបណ្តាញក្រោមដីទាំងអស់ ត្រូវតែធ្វើឡើងវិញ ផ្តោតលើគុណភាព ដោយគ្មានលក្ខខណ្ឌ។
ពាក់ព័ន្ធនិងការងារខាងលើនេះ លោក ឃួង ស្រេង បានលើកឡើងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា អង្គការ JICA និងតំណាងក្រុមហ៊ុនម៉ៅការជួសជុលផ្លូវ និងមានការចូលរួមពីអាជ្ញាធរខណ្ឌ មន្រ្តីពាក់ព័ន្ធជុំវិញសាលារាជធានីភ្នំពេញ។
លោកអភិបាលបានបញ្ជាក់ថា ដោយមើលឃើញពីការតភ្ជាប់ខ្សែបណ្តាញអគ្គិសនី កន្លងមក មិនមានលក្ខណៈបច្ចេកទេស ធ្លាក់រយីងរយោងធ្វើឲ្យប៉ះពាល់ សោភណ្ឌភាព ឬបង្កបញ្ហាជាយថាហេតុក្នុងរាជធានី ទើបអាជ្ញាធររាជធានីភ្នំពេញ និងEDC ក៏ដូចជាភាគីពាក់ព័ន្ធបានតភ្ជាប់បណ្តាញមួយចំនួននៅក្រោមដីរួចមកហើយ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សម្រាប់ការជីកតបណ្តាញក្រោមដីនេះ អាជ្ញាធររាជធានី មិនអនុញ្ញាឲ្យជីកកាយលើផ្លូវទាំងឡាយណា ដែលបានជីកដាក់រួចមកហើយនោះទៀតទេ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា សហការជាមួយ JICA ធ្វើការជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCCទៅអនុស្ថានីយ៍GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវ ចំនួន២៤ខ្សែ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋយោគយល់ និងបង្វៀងចរាចរណ៍ចេញពីកំណាត់ផ្លូវទាំងនេះ ខណៈដែលការដ្ឋានចាប់ផ្តើមដំណើរការ។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅប្រជាពលរដ្ឋបញ្ជាក់ថា កំណាត់ផ្លូវចំនួន២៤ខ្សែ រួមមាន៖ អនុស្ថានីយអូរបែកក្អម GIS NCC ផ្លូវលេខ២៦៥ ផ្លូវ២១៨ ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៩ វិថីនេរុហ៍មហាវិថីព្រះសីហនុ ផ្លូវលេខ១៦៣ ផ្លូវលេខ២៧៨ ផ្លូវលេខ៥៧ ផ្លូវលេខ២៩៤ វិថីសុធារស ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី វិថីឧបាសិកាសំ ប៊ិត ផ្លូវខាងជើងសួនសម្ដេចតេជោ ហ៊ុន សែន វិថីសុរាម្រិត វិថីឧកញ៉ាស៊ួ ស្រ៊ុន ២៤៤ ផ្លូវលេខ១៩ ផ្លូវលេខ២០២ ផ្លូវលេខ ១៣ ផ្លូវលេខ ៩៤ ផ្លូវរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩៣ និងអនុស្ថានីយ៍GS1 ទួលសង្កែ៕