(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឯម អេង ភេទប្រុស អាយុ៥២ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ក្រោមបទចោទប្រកាន់ ក្លែងលិខិតសាធារណៈ និងប្រើប្រាសលិខិតសាធារណៈក្លែងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រឿងក្ដីក្លែងលិខិត (ក្លែងហត្ថលេខាសម្ដេចតេជោ ហ៊ុន សែន) បានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដែលផ្ដើមចេញពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានចូលនិវត្តន៍ទៅហើយ ដោយលោកចង់បានដី និងផ្ទះមួយកន្លែងនៅក្បែរព្រះបរមរាជវាំង សម្រាប់រស់នៅផ្ទាល់ខ្លួន តែមិនដឹងធ្វើដូចម្ដេចដើម្បីសុំការយល់ព្រម ពីសម្ដេចតេជោ ហ៊ុន សែន។
ក្រោយមកព្រះអង្គម្ចាស់ បានជួបឈ្មោះ ឯម អេង ហើយឈ្មោះ ឯម អេង ក៏បានធានាស្វែងរកលិខិត និងហត្ថលេខាបញ្ជាក់សម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុន្តែត្រូវចំណាយលុយអស់ចំនួន ២៥ម៉ឺនដុល្លារទើបបាន។ បន្ទាប់មកព្រះអង្គម្ចាស់ ស៊ីសុវត្ថ ប៉ាណារ៉ាសេរីវុឌ្ឍ ក៏បានយល់ព្រមប្រគល់ប្រាក់ចំនួន ២៥ម៉ឺនដុល្លារឲ្យ ឈ្មោះ ឯម អេង ដើម្បីធ្វើកិច្ចការនេះ។ ក្រោយមកឈ្មោះ ឯម អេង ក៏បានយកលិខិតស្នើសុំដែលមានហត្ថលេខាបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន មកប្រគល់ឲ្យព្រះអង្គម្ចាស់ ស៊ីសុវត្ថ ប៉ាណារ៉ាសេរីវុឌ្ឍ វិញ ប៉ុន្តែលិខិតនោះអាជ្ញាធរមិនទទួលស្គាល់ឡើយ ព្រោះជាលិខិត និងហត្ថលេខាក្លែងក្លាយ។
ដោយសារបញ្ហានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ប៉ាណារ៉ាសេរីវុឌ្ឍ ក៏បានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក៏បានស្រាវជ្រាវរកឃើញថា ជាលិខិត និងហត្ថលេខាក្លែងក្លាយមែន ក៏ចាប់ខ្លួនលោក ឯម អេង បញ្ជូនមកតុលាការឃុំខ្លួនអស់រយៈពេល ៨ខែមកហើយ ទើបតុលាការលើកយកមកកាត់ទោសនេះ៕