(ហ្សឺណែវ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្តាយចំពោះប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃ ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងមកនេះ ថាមានភាពមិនត្រឹមត្រូវ និងយុត្តិធម៌ ទាំងមិនបានបញ្ជូន អ្នកសង្កេតការណ៍ ទៅចូលរួមពិនិត្យការបោះឆ្នោត និងមិនបានមើលឃើញជាក់ស្តែងផងនោះ ដូច្នេះប្រទេសទាំងនោះ អាចវាយតម្លៃការបោះឆ្នោតរបស់កម្ពុជាតាមរបៀបណា។
ការមានប្រសាសន៍បង្ហាញភាពសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លើកទី៤១ ទីក្រុងហ្សឺណែវ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលជាថ្មីម្តងទៀត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានការចូលរួមពី២០គណបក្សនយោបាយ និងមានអាត្រាចំនួនអ្នកចេញទៅបោះឆ្នោតរហូតដល់៨៣.០២% ដែលជាតួលេខមួយខ្ពស់ បើធៀបទៅនឹងប្រទេស មួយចំនួនដែលបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ។ ក្នុងអំឡុងពេលឃោសនា ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតដំណើរការទាំងមូលបានប្រព្រឹត្ត ទៅដោយរលូន គ្មានអំពើហឹង្សា និងការគំរាមសូម្បីតែមួយករណី។ កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥០០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៨០,០០០នាក់ និងអ្នកសង្កេតការណ៍គណបក្សចំនួន ៩,០០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាអកុសលប្រទេសមួយចំនួនមិនបានបញ្ជូន អ្នកសង្កេតការណ៍ទៅចូលរួមនោះទេ តែបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតមានភាពមិនត្រឹមត្រូវ និងយុត្តិធម៌ [...] ខ្ញុំសូមអង្គប្រជុំពិចារណា បើមិនបានទៅមើល និងមិនបានឃើញជាក់ស្តែងផង តើប្រទេសទាំងនោះ វាយតម្លៃការបោះឆ្នោតរបស់យើងតាមរបៀបណា?»។
បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅក្នុងនិយាមនៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ យើងចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលប ម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែលរាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន កម្ពុជាមានកាសែតចំនួន ៥៥០កាសែត ជាវែបសាយ ចំនួន១៤៨ ស្ថានីយ៍វិទ្យុចំនួន២១១ ទូរទស្សចំនួន២១ ទូរទស្សខ្សែកាបចំនួន ១១៣ប៉ុស្តិ៍ និងសមាគមន៍អ្នកកាសែតចំនួន៣៩។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់ប្រភេទ និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ៕