(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរែមី ហាន់ត៍ (Jeremy Hunt) មិនអាចដាក់ចេញ ទណ្ឌកម្មណាមួយប្រឆាំងទៅនឹងប្រទេសចិននោះឡើយ ខណៈលោកបានអះអាងថា ជម្រើសនានានៅតែមានដដែលសម្រាប់អង់គ្លេស ក្នុងការចាត់វិធានការចំពោះអ្វីដែលកំពុងតែ កើតមានឡើងលើទីក្រុងហុងកុង ជាអតីតតំបន់ធ្លាប់ស្ថិតក្រោមអាណានិគមរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Hunt ក៏បានលើកឡើងឡើងវិញថ្មីផងដែរ អំពីការព្រមានរបស់កាលពីថ្ងៃអង្គារដែលថា គុណវិបត្តិជាច្រើនអាចនឹងផ្ទុះឡើង បើសិនជាទីក្រុងប៉េកាំង បំពានលើការប្ដេជ្ញាចិត្តរបស់ខ្លួនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ប្រគល់ទីក្រុងហុងកុងឱ្យចិនគ្រប់គ្រងវិញ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ នោះ។
លោក Hunt បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «អ្វីដែលខ្ញុំចង់និយាយ នោះគឺការបញ្ជាក់ឱ្យច្បាស់ថា បញ្ហាដែលកំពុងកើតឡើងនៅក្នុងទីក្រុងហុងកុង ក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ សម្រាប់អង់គ្លេសផងដែរ»។ ការកត់សម្គាល់របស់លោក Jeremy Hunt ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស បានព្រមានអង់គ្លេសកុំលូកដៃចូលកិច្ចការផ្ទៃក្នុង ទីក្រុងហុងកុង បើសិនជាមិនចង់ឱ្យទំនាក់ទំនងល្អរវាងប្រទេសទាំងពីរត្រូវបានបំផ្លាញ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងធ្លាប់ជាដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស បន្ទាប់ពីសង្រ្គាមអាភៀននៅឆ្នាំ១៨៤២។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ទើបអង់គ្លេសសម្រេចចិត្តប្រគល់ទីក្រុងហុងកុងឱ្យប្រទេសចិនវិញ ប៉ុន្តែត្រូវអនុវត្តតាម «នយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២រហូតមកទល់បច្ចុប្បន្ន»។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសចិនបានធានាទុកសិទ្ធិស្វ័យភាពឲ្យហុងកុងរយៈពេល ៥០ឆ្នាំ (គិតពីឆ្នាំ១៩៩៧) ដែលមានន័យថា ហុងកុងអាចនៅរក្សាភាពដើមទាំងស្រុង នៃប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយ៕