(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាគម្រោង ផ្លូវរថភ្លើងក្រោមដីលើកដំបូង របស់កម្ពុជា ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលសម្រេចនៅពេលខាងមុខ។ នេះបើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមេសា-ឧសភា ឆ្នាំ២០១៩ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ក្រសួងកំពុងសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើស គម្រោងណាមួយ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ។
កម្ពុជា បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចររបស់ពលរដ្ឋ និងកាត់បន្ថយការកកស្ទះដែលបណ្តាលមកពីកំណើតយានយន្ត នៅរាជធានីភ្នំពេញ ក្នុងនោះមានការសាងសង់ស្ពានអាកាស ស្ពានអាកាសថ្មើជើង។ គម្រោងផ្លូវរថភ្លើងក្រោមដី ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះ។
ក្រៅពីការលើកឡើងតិចតួចអំពីគម្រោងផ្លូវរថភ្លើងក្រោមដី រដ្ឋមន្ដ្រីសាធារណការ បានគូសបញ្ជាក់ អំពីការងារត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យប្រើប្រាស់ជាប់បានយូរផងដែរ។ លោកបានដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជន ដូចជាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ៕