(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្ត ដ៏មានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ច និងទេសចរណ៍មួយនេះ។
លោក គួច ចំរើន បានប្រកាសនៅលើ Facebook នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់ កាលពីព្រឹកមិញនៅសាលា ក្រុងព្រះសីហនុ យើងបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ បើកយុទ្ធនាការប្រមូលកាកសំណល់ ចេញពីខេត្តព្រះសីហនុ»។
អភិបាលខេត្តព្រះសីហនុ ដែលកំពុងតែទទួលបានប្រជាប្រិយ៍ភាព ក្រោយឡើងកាន់តំណែងថ្មីៗនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឲ្យបានគ្រប់ៗគ្នា។
គួរជម្រាបថា លោក គួច ចំរើន នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ប្រមូលសំរាម (KSWM) ក្នុងក្រុង និងផែនការយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ។
ជាការកត់សម្គាល់ លោក គួច ចំរើន បន្ទាប់ពីបានឡើងកាន់តំណែង លោកកំពុងបំពេញការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ពិសេសពាក់ព័ន្ធវិស័យសំណង់ ទេសចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈជាដើម។ ការបំពេញការងារយ៉ាងសស្រាក់សស្រាំនេះ របស់លោក គួច ចំរើន កំពុងទទួលបានគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕