(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ដែលគេនាំគ្នាហៅថា ធនាគារ ABA ទើបទទួលបានការសម្រេចផ្តល់ការអនុញ្ញាតលើលទ្ធភាពចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម (មូលបត្របំណុល) នៅលើផ្សារមូលបត្រកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាមួយនាពេលថ្មីៗនេះ លោក ហុង សុហួ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទើបបានសម្រេចផ្តល់ការអនុញ្ញាតលើលទ្ធភាពចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម របស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) ដូចនេះនាពេលឆាប់ៗខាងមុខនេះ វិនិយោគិនដែលចាប់អារម្មណ៍លើសញ្ញាបណ្ណរបស់ធនាគារ ABA នឹងអាចចុះឈ្មោះទិញសញ្ញាបណ្ណ នៅក្នុងតំណាក់កាល IPO»។

លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានចាត់ទុកការចូលក្នុងផ្សារភាគហ៊ុនរបស់ធនាគារ ABA គឺជាសញ្ញាវិជ្ជមាននៃទីផ្សារមូលបត្រ ដែលក្រុមហ៊ុនអាចទទួលបានមូលធនបន្ថែម ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ជាជាងស្វែងរកប្រភពហិរញ្ញប្បទានពីបរទេស។

លោក សេង ចាន់ធឿន នាយកគ្រប់គ្រង នាយកផ្នែកហិរញ្ញវត្ថុសាជីវកម្ម ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលជួយដល់ធនាគារ ABA សម្រាប់ការចូលផ្សារហ៊ុន បានបញ្ជាក់ប្រាប់ Fresh News ថា ABA បានទទួលការអនុញ្ញាត ពីក្រុមហ៊ុនផ្សារមូលបត្ររួចហើយ នៅដើមខែនេះ។

លោកបន្តថា លើសពីនេះនៅចុងខែកក្កដានេះ គណៈកម្មការមូលបត្រកម្ពុជា នឹងមានកិច្ចប្រជុំមួយ ដើម្បីសម្រេចអំពីការចូលទីផ្សារមូលប ត្ររបស់ ABA ហើយតាមការរំពឹងទុក ABA អាចនឹងបើកការជួញដូរនៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

សូមជម្រាបថា ផ្សារមូលបត្រកម្ពុជាបានដំណើរការប្រមាណជា៧ឆ្នាំមកហើយ ហើយទីផ្សារនេះ មានការវិវឌ្ឍឥតឈប់ឈរ។ បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួនប្រាំពីរ ដែលក្នុងចំណោមនោះមាន ប្រាំក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុននៅលើទីផ្សារគោលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចំណែកឯពីរទៀតបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម។

គួររំលឹកថា ធនាគារ ABA ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា កាលពីដើមខែមិថុនា ឆ្នាំ២០១៩ បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន (មូលបត្របំណុល) នៅលើផ្សារមូលបត្រកម្ពុជា (CSX)។ គ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន មានទំហំទឹកប្រាក់១០០ពាន់លានរៀល ដែលស្មើនឹងប្រមាណ២៥លានដុល្លារអាមេរិក៕