(កំពង់ធំ)៖ លោក លឹម ភ័ណ្ឌ ដែលជាម្ចាស់សហគ្រាស «លឹម ភ័ណ្ឌ ផលិតទឹកសុទ្ធ ទឹកក្រូច» នៅទីរួមខេត្តកំពង់ធំ បានអះអាងថា សហគ្រាសរបស់ខ្លួនមានច្បាប់ត្រឹមត្រូវ ហើយចាត់ទុកការចុះបង្ក្រាបរបស់មន្ត្រីនគរបាលដែលដឹកនាំដោយលោក កាន់ វឌ្ឍនា ធ្វើឡើងដោយបំពានច្បាប់ មានចេតនាទុច្ចរិត ព្រមទាំងសម្រេចចិត្តប្តឹងមន្ត្រីដែលចុះបង្ក្រាប ទាំងបំពានច្បាប់ទៅតុលាការ​ និងស្ថាប័នមួយចំនួនទៀតដើម្បីរកភាពយុត្តិធម៌ និងទាមទារសំណងខូចខាតផងដែរ។

លោក លឹម ភ័ណ្ឌ បានអះអាងថា សហគ្រាសរបស់លោកមានច្បាប់ត្រឹមត្រូវ ចេញដោយក្រសួងឧស្សាហ៍កម្ម ក្រុមហ៊ុនមានច្បាប់ពីក្រសួងពាណិជ្ជកម្ម មានបណ្ណប៉ាតង់ពន្ធដារ មានការទទួលស្គាល់ពីស្ថាប័នមាត្រដ្ឋានចំណីអាហារ ហើយមន្ត្រីសមត្ថកិច្ចចុះធ្វើការពិនិត្យរៀងរាល់ ៣ខែម្ដង។ ប៉ុន្តែបែរជាមន្ត្រីនគរបាលខាងលើ ចុះទៅបង្ក្រាបដោយចោទថាលួចផលិតទឹកក្រូច ទឹកសុទ្ធក្លែងក្លាយទៅវិញ។

លោកបានបន្តថា មិនតែប៉ុណ្ណោះ មន្ត្រីនគរបាលដែលមកពីភ្នំពេញ ចុះបង្ក្រាបមានភាពមិនប្រក្រតី ក្នុងចេតនាទុច្ចរិត ដូចជាចុះទៅមិនសហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តឡើយ ទាល់តែម្ចាស់ទីតាំងបញ្ចេញប្រតិកម្មទើបហៅនគរបាលមូលដ្ឋានមកចូលរួម ហើយហៅព្រះរាជអាជ្ញាមកចូលរួមដឹកនាំ។

បន្ថែមពីនេះ ខណៈពួកគេសម្រុកចូលទៅក្នុងឃ្លាំងទីតាំងសហគ្រាស ពួកគេហាមមិនឱ្យកម្មករនៅយាមឃ្លាំងថតរូបបញ្ជាឱ្យបិទកាម៉េរាសុវត្ថិភាព ដែលថតពីសកម្មភាពនៅក្នុងឃ្លាំង​ បញ្ជាឱ្យកម្មករ ដែលមានគ្នាតែ ៤នាក់ ទៅយកគ្រឿងផ្សុំមកផ្សុំផលិតទឹកក្រូច ដើម្បីពួកគេថតយកជាភស្តុតាង ខណៈសង្វាក់ផលិតកម្មទឹកក្រូច ទឹកសុទ្ធ ខាងលើនេះ ត្រូវបានលោកបិទអស់ជិត ១ខែមកហើយ ព្រោះតែផលិតលក់មិនចំណេញ ហើយការប្រកាសបិទនេះ​ លោកបានឱ្យដឹងថា សម្រាប់ការបិទអាជីវកម្ម លោកបានជម្រាបទៅខាងមន្ទីរឧស្សាហកម្មដឹងឮទៀតផងដែរ ព្រោះបើសង្វាក់ផលិតកម្មនៅដំណើរការ គឺសហគ្រាសនេះមានកម្មករ ដល់ទៅជាង ៥០នាក់ឯណោះ តែដោយសារបិទការផលិតទើបលោករំសាយបុគ្គលិកអស់ដោយទុកតែ ៤នាក់ គ្រាន់បម្រើការផ្នែកដេប៉ូលក់ភេសជ្ជៈ ដែលលោកទទួលទិញទឹកក្រូច ទឹកសុទ្ធពីក្រុមហ៊ុនផ្សេងៗ យកមកស្តុកទុក ដើម្បីចែកចាយនៅក្នុងខេត្តបន្ត ដែលករណីនេះនាំឱ្យមន្ត្រីដែលចុះបង្ក្រាបគ្មានធ្វើការសួរនាំ ហើយចោទទាំងបំពានថាផលិតទឹកក្រូច ទឹកសុទ្ធក្លែងក្លាយនោះ។ មិនតែប៉ុណ្ណោះ ថែមទាំងនាំខ្លួនកម្មករ ដែលគ្នាមិនដឹងអីយកទៅសួរគំរាមកំហែងថែមទៀតផង។

ពាក់ព័ន្ធទង្វើខាងលើ លោក លឹម ភ័ណ្ឌ ថា លោកមិនអាចទទួលយកបានឡើយ បង្ខូចកិត្តិយសអាជីវកម្មរបស់លោកផ្ដល់ព័ត៌មានបំភ្លើស ឱ្យសារព័ត៌មានផ្សព្វផ្សាយ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សហគ្រាសដែលមានច្បាប់ត្រឹមត្រូវដូចនេះ លោកសំរេចដាក់ពាក្យបណ្ដឹងទាមទារយុត្តិធម៌ ទៅប្រធានអង្គភាពរបស់គេ និងប្ដឹងទៅក្រសួងមហាផ្ទៃ និងតុលាការផងដែរ ដើម្បីទាមទារសំណងខូចខាតមកវិញ។
​ សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១០​ ខែកក្កដា​ ម្សិលមិញ​ មន្ត្រីនគរបាលមួយក្រុមមកពីក្រុមបង្ក្រាបផលិតផលក្លែងក្លាយដឹកនាំដោយលោកផ្កាយ១​ កាន់​ វឌ្ឍនា​ បានចុះទៅបង្ក្រាបសហគ្រាសផលិតទឹកសុទ្ធ​ ទឹកក្រូច​ នៅកណ្ដលទីរួមខេត្តកំពង់ធំដោយចោទថាផលិតក្លែងក្លាយ​ ។