(សៀមរាប)៖ នាអំលុងកិច្ចប្រជុំស្ថាប័នទេសចរណ៍អាស៊ានលើកទី៥០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៨-១២ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន បានជួបប្រជុំជាមួយគ្នា និងបានដាក់ចុះនូវផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។

ការដាក់ចុះនូវផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែកក្កដា ក្នុងនោះរួមមាន៖

* ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត។

* ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ក៏ត្រូវបានជំរុញបន្ថែមតាមរយៈការបង្កើតខ្សែទស្សនកិច្ចរវាងប្រទេសជាប់ព្រំដេនគ្នា។ ទន្ទឹមនឹងនោះ ទេសចរណ៍សាសនា ពិធីបុណ្យ ក៏ត្រូវបានជំរុញជាអាទិភាពផងដែរ។

* ការអភិវឌ្ឍធនធានមនុស្សដោយបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA) រួមមាន៖ ការធ្វើបច្ចុប្បន្នភាពលើស្តង់ដាកម្មវិធីសិក្សា ការបន្ថែមជំនាញផ្សេងៗទៀត នៅពេលខាងមុខ មានដូចជាជំនាញរៀបចំព្រឹត្តិការណ៍ (MICE) ជំនាញស្ប៉ាទៅក្នុងកិច្ចព្រមព្រៀង MRA ដោយបច្ចុប្បន្នមានជំនាញចំនួន ៣២ ផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

* ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន តាមរយៈការធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុង និងការសម្រួលការធ្វើដំណើរ។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា ដែលជាអនុប្រធានអង្គប្រជុំ បានអញ្ជើញប្រទេសសមាជិកអាស៊ានទាំងអស់ចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា (CTM) ឆ្នាំ២០១៩ និងវេទិកាវិនិយោគទេសចរណ៍លើកទី២ ដោយព្រឹត្តិការណ៍ទាំងពីរនឹងរៀបចំនាពេលជាមួយគ្នានៅទីក្រុងភ្នំពេញ នាខែតុលាខាងមុខ៕

Advertising