(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ ក្នុងពិធីរំលឹកខួប២៦ឆ្នាំ នៃការបង្កើតស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានផ្ដល់អនុសាសន៍ចំនួន៩ចំណុចសំខាន់ៗ ដើម្បីជាទស្សនាទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈម របស់កងរាជអាវុធហត្ថ។
អនុសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្ដល់នៅក្នុងពិធីនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ រួមមាន៖
* ទី១៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្ដចូលរួមថែរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខជាតិ ដែលយើងប្រឹងប្រែងរកបាន ដោយលំបាកបំផុតនេះ មិនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគិតនៅខាងក្រៅ មកបំផ្លាញទៅវិញបានឡើយ ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយ។ ខិតខំជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ ដើម្បីសម្រេចបាននូវស្ថិរភាពមីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រដែលជាបុរេលក្ខខណ្ឌ និងធាតុដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
*ទី២៖ ត្រូវយកចិត្ដទុកដាក់បន្ដធ្វើការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ទាំងរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារប្រកបដោយការទទួលខុសត្រូវ ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងរាជអាវុធហត្ថឲ្យមានប្រសិទ្ធភាព។
*ទី៣៖ ត្រូវបន្ដខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ ព្រោះវាជាបេសកកម្មដ៏ធំចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវប្រែក្លាយកងរាជអាវុធហត្ថឲ្យទៅជាកម្លាំងដែលផ្ដល់សេវាដ៏មានប្រសិទ្ធភាព សម្ដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដោយមានទឹកចិត្ត បម្រើការងារមុះមុត មានភក្ដីភាព ធ្វើជាអ្នកផ្ដល់សេវាគួរឲ្យគោរព និងមានសីលធម៌វិជ្ជាជីវៈ។
*ទី៤៖ ត្រូវពង្រឹងការងារកសាងកម្លាំងឲ្យមានប្រសិទ្ធភាព ដោយបន្សុទ្ធសមាសភាពដែលរើសចូលថ្មី និងបំបាត់ចោលអ្នកដែលមិនគោរពបទបញ្ជា ជំនាញវិជ្ជាជីវៈ និងត្រូវគ្រប់គ្រងកម្លាំងដែលកំពុងមានបច្ចុប្បន្ន ដើម្បីធានាបម្រើការងារតាមការប្រគល់ភារកិច្ច ទោះបីចំនួនមិនទាន់មានបរិមាណគ្រប់គ្រាន់ ទៅតាមតម្រូវការក៏ដោយ។
*ទី៥៖ ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំនយោបាយសតិអារម្មណ៍ដល់នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថនៅទូទាំងប្រទេស។ ត្រូវធ្វើការហ្វឹកហ្វឺនតាមអង្គភាព ដើម្បីរំលឹកមេរៀន ពង្រឹងបរិមាណកម្លាំង។ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដល់នាយ និងពលអាវុធហត្ថទាំងក្នុង ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងចូលរួមបំពេញបេសកកម្មជាលក្ខណៈអន្ដរជាតិប្រកបដោយវិជ្ជាជីវៈ។ បើកថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីផ្ដល់ឱកាសជូននាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថបន្ដសិក្សាបង្កើនចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសទៅតាមមុខសញ្ញា ដែលត្រូវបំពេញកន្លែងកំពុងខ្វះខាត នាពេលបច្ចុប្បន្ន។
*ទី៦៖ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនៅតាមខេត្តផ្សេងៗទៀត ឲ្យបានតាមលក្ខណៈបច្ចេកទេសធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង។ បន្ដសាងសង់អគារសេនាធិការដ្ឋាន ដែលកំពុងសាងសង់តាមខេត្ត និងមិនទាន់បានសាងសង់ និងជំរុញការសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាស៊ាន នាពេលខាងមុខ។
*ទី៧៖ បន្ដពង្រឹងកម្លាំងធ្វើជាស្នួលក្នុងការប្រតិបត្តិការថែរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្ដចូលរួមបង្ក្រាបរាល់បទល្មើស ចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្ដរាយ។
*ទី៨៖ ត្រូវពង្រឹងយន្ដការត្រួតពិនិត្យឲ្យមានប្រសិទ្ធភាព តាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យសមជាកម្លាំងផ្ដល់សមត្ថកិច្ចស្របច្បាប់ ដែលមានគុណសម្បត្តិច្រើន និងត្រូវគ្រប់គ្រងការងាររដ្ឋបាលសាធារណៈ និងចាត់វិធានការច្បាប់ឲ្យបានម៉ត់ចង់ ការពារមិនឲ្យមានអំពើពុករលួយ ឬការរំលោភអំណាចពីសំណាក់អាជ្ញាធរសាធារណៈទៅលើប្រជាពលរដ្ឋ។
*ទី៩៖ ចូលរួមចងក្របច្បាប់ និងលិខិតបទដ្ឋាននានា ព្រោះអាវុធហត្ថជាអ្នកបម្រើផ្ទាល់ជាមួយប្រជាជនទទួលបានភាពជាក់ស្ដែង នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងបំណង់ប្រាថ្នារបស់ប្រជាជន។
លើសពីនេះ ត្រូវពង្រឹងអភិក្រមទាំង៥ និងបាវចនា២ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕