(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ ក្រសួងបានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ថាមពល និងប្រេងកាត បានចំនួន៤៥.៥៣ពាន់លានរៀល ដែលប្រហែលជាង១១លានដុល្លារអាមេរិក។
លោក ស៊ុយ សែម បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលក្រសួងរ៉ែ និងថាមពល បើកពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កម្មវិធីការងារឆ្នាំ២០២០ និងប្រកាសតែងតាំងសម្រួលភារកិច្ច ជូនមន្រ្តីរាជការរបស់ក្រសួង នៅសណ្ឋាគារសុខាភ្នំពេញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ថាមពល និងប្រេងកាត បានចំនួន ៤៥.៥៣ពាន់លានរៀល ឬជាង១១លានដុល្លារអាមេរិក ស្នើនឹង៥៥.១៦% នៃច្បាប់ហិរញ្ញវត្ថុ»។
លោក ស៊ុយ សែម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល ទាំងនៅទីស្តីការក្រសួង និងទាំងនៅតាមបណ្តាមន្ទីររាជធានីខេត្ត ដែលបានជំរុញឱ្យក្រសួងរៀបចំបាននូវសមត្ថភាពជាតិមួយ សម្រាប់ការគ្រប់គ្រង និងការបង្កើតបន្ថែម នូវខឿនឧស្សាហកម្មនិស្សារណកម្ម ដែលនឹងចូលរួមចំណែកកាន់តែសំខាន់ថែមទៀត នៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម របស់កម្ពុជានាឆ្នាំ២០១៩ ដែលជាឆ្នាំនៃការបង្កើនផលនេះ និងឆ្ពោះទៅបណ្តាឆ្នាំខាងមុខ ដែលក្រសួងរ៉ែ និងថាមពល បានកំណត់ថាជា «អាណត្តិនៃការប្រមូលផល»។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែ និងថាមពល បាននិងកំពុងបើកពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កម្មវិធីការងារឆ្នាំ២០២០ និងប្រកាសតែងតាំងសម្រួលភារកិច្ច ជូនមន្រ្តីរាជការក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ កម្រិតអគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យនៃក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ព្រមទាំងមន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត សរុបប្រមាណ៥២០នាក់។
ក្នុងសម័យប្រជុំបូកសរុបលទ្ធផលការងារនេះ ក្រសួងរ៉ែ និងថាមពល នឹងពិនិត្យឡើងវិញអំពីសកម្មភាព និងសមិទ្ធផលការងារ ដែលសម្រេចបានវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងថាមពល រួមទាំងប្រេងកាត និងអគ្គិសនី ព្រមទាំងការប្រឈមនានា ក្នុងរយៈកាលមួយឆ្នាំមានកន្លងមក ដើម្បីតម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកំណត់កម្មវិធីការងារសម្រាប់ឆ្នាំ២០២០ ផងដែរ។
ជាមួយគ្នានេះ ប្រធានក្រុមការងារអធិការកិច្ច ក្នុងវិស័យរ៉ែទាំង៤ក្រុម នឹងចូលរួមធ្វើបទអន្តរាគមន៍ ពាក់ព័ន្ធនឹងសកម្មភាពការងារ អធិការកិច្ចអាជីវកម្មធនធានរ៉ែកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ក៏នឹងមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារ របស់អគ្គនាយកដ្ឋាន អគា្គធិការដ្ឋាន អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាផងដែរ៕