(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងមិនពង្រាយអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ ដូចបណ្ដាឆ្នាំកន្លងទៅនោះទេ ប៉ុន្ដែក្រសួងអប់រំ យុវជន និងកីឡា នឹងនៅបន្ដសហការជាមួយ ACU ប្រសិនបើមានអំពើពុករលួយកើតឡើង។ នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចសម្ភាន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា ដើម្បីឆ្លើយតបទៅនឹងកង្វល់អំពីការមិនចូលរួមសង្កេតការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំការប្រឡង ឲ្យប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយក្រសួងក៏នឹងពង្រឹងសមត្ថភាពលើការត្រួតពិនិត្យ ដោយខ្លួនឯងផងដែរ ពោលក្រសួងបង្កើនចំនួន និងសមត្ថភាពរបស់អប្បមាទ (អ្នកឃ្លាំមើលការប្រឡង) ព្រមទាំងជំនួយការអប្បមាទ។

លោក រស់ សុវាចា បានថ្លែងយ៉ាងដូច្នេះថា «៥ឆ្នាំកន្លងមកហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានពង្រាយអ្នកសង្កេតការណ៍ ពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយនៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចថា មិនពង្រាយអ្នកសង្កេតការណ៍ ដូច៥ឆ្នាំកន្លងមកទេ ហើយបានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងយន្ដការរបស់ខ្លួនទៅលើយន្ដការអប្បមាត និងជំនួយការអប្បមាតផ្ទាល់»

ទន្ទឹមនឹងការមិនចូលរួមសង្កេតការណ៍របស់ ACU នៅឆ្នាំនេះ ត្រូវបានក្រសួងអប់រំ អះអាងថា មិនមានផលប៉ះពាល់ដល់គុណភាព នៃការប្រឡងនោះទេ ពោលគុណភាពនៃការប្រឡង គឺនៅរក្សាស្ដង់ដារខ្ពស់ដោយហេតុផលថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើមានករណីអំពើពុករលួយកើតឡើង។ នេះជាអ្វីដែល លោក រស់ សុវាចា បានគូសបញ្ជាក់។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមទៀតថា ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថា បេក្ខជនប្រឡង បុគ្គលិកអប់រំ អប្បមាទ ជំនួយការអប្បមាទ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមចំណែកក្នុងការធានាឲ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់ និងសូមបេក្ខជន និងបុគ្គលិកអប់រំទាំងអស់គោរពបទបញ្ញត្តិ។

គួរជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី៤៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីពេលកន្លងទៅ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ACU មិនរៀបចំពង្រាយអ្នកសង្កេតការណ៍ប្រឡង ដូចឆ្នាំមុនៗ នៃ៥ឆ្នាំកន្លងមកនេះទៀតទេ ប៉ុន្តែអង្គភាពមួយនេះ មិនបានបញ្ជាក់ឲ្យច្បាស់នូវមូលហេតុដែលខ្លួនមិនចូលរួមសង្កេតការណ៍នោះទេ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្តទាំងអស់ ចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាឲ្យការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះសម្តេចក្រឡាហោម បានប្រកាសឲ្យដឹងផងដែរថា បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានចំនួនសរុប ១១៩,២១៧នាក់ នារីជាង ៦ម៉ឺននាក់, បេក្ខជនមានពិការភាពមានចំនួន ៥នាក់។ បេក្ខជនប្រឡងនៅឆ្នាំនេះកើនឡើងប្រមាណ ៥៨៥២នាក់ បើធៀបឆ្នាំ២០១៨។ សម្រាប់មណ្ឌលប្រឡងវិញមានចំនួន ២០២មណ្ឌល កើនឡើង៦មណ្ឌល បើធៀបឆ្នាំ២០១៨៕