(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដាក់ចេញនូវវិធានការចំពោះមុខ ដើម្បីពង្រឹងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម ខណៈភាគីទាំងពីរ បានប្ដេជ្ញាចិត្តរួមគ្នារួចហើយ ថានឹងចូលរួមបង្ក្រាបបទល្មើសនេះទាំងអស់គ្នាឲ្យខាងតែបាន។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ក្រសួងមហាផ្ទៃ ស្ដីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា បញ្ហាគ្រឿងញៀននេះជាកង្វល់សកល ដែលទាមទារឲ្យសមត្ថកិច្ចទាំងអស់ ត្រូវសហការគ្នាដើម្បីបង្ក្រាប បើមិនដូច្នេះទេនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់ពិភពលោក។
ឆ្លើយទៅនឹងកង្វល់ទាំងអស់នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់ចេញវិធានការចាំបាច់មួយចំនួន ដែលទាមទារឲ្យសមត្ថកិច្ចទាំងអស់ ត្រូវតែចូលរួមអនុវត្ត រួមមាន៖
*ទី១៖ ការងារផ្សព្វផ្សាយអប់រំ៖ ការងារនេះត្រូវញែកជាពីរ ពាក់ព័ន្ធវេទិកាសាធារណៈ និងការពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលឈរជើងនៅបន្ទាត់ព្រំដែន ដែលនេះជាសមត្ថកិច្ចរបស់អភិបាលខេត្ត ត្រូវណែនាំបន្ដទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យយល់អំពីសកម្មភាព មហន្ដរាយនៃគ្រោះញៀន និងល្បិចកលរបស់ឧក្រិដ្ឋជន។
លើសពីនេះ ត្រូវពន្យល់ដល់មន្ដ្រីដែលជាអ្នកអនុវត្តច្បាប់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសនៅតាមប៉ុស្ដិ៍ច្រកទ្វារព្រំដែន, មន្ដ្រីគយ និងអន្ដោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យ ហើយត្រូវបន្ដសហការជាមួយសមត្ថកិច្ចតាមបណ្ដោយព្រំដែនដើម្បីមានព័ត៌មានបន្ថែម ព្រោះថាការឆែកឆេររកគ្រឿងញៀន មិនមែនជារឿងចៃដន្យនោះទេ ពោលត្រូវមានព័ត៌មាន និងត្រូវមានការសង្ស័យ។
ជាមួយគ្នានេះ ត្រូវបន្ដផ្សព្វផ្សាយដល់កម្លាំងនៅតាមវរ នគរបាលព្រំដែន ដើម្បីយល់ដឹងអំពីច្បាប់ កលល្បិច បែបផែនសកម្មភាពពួកឧក្រិដ្ឋគ្រឿងញៀន, ផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពោលមន្ដ្រីអនុវត្តច្បាប់ដាច់ខាតមិនត្រូវនៅពីក្រោយបទល្មើសនេះឡើយ។
*ទី២៖ ពង្រឹងការអនុវត្តច្បាប់៖ ការិយាល័យទំនាក់ទំនងព្រំដែន BLO ត្រូវបង្កើនទំនាក់ទំនងជាមួយ BLO ជាប់គ្នា ហើយត្រូវអប់រំមន្ដ្រីឲ្យយល់ពីសារៈសំខាន់ នៃការទប់ស្កាត់គ្រឿងញៀន និងមុខរបរខុសច្បាប់ផ្សេងៗទៀត។ មន្ដ្រីវរសេនាតូចការពារព្រំដែន ដែលត្រូវល្បាតនោះ ត្រូវតែពន្យល់ដាស់តឿន និងឲ្យទទួលខុសត្រូវចំពោះវិន័យ និងច្បាប់រដ្ឋ។
ដោយឡែក ស្នងការនគរបាលខេត្ត ត្រូវចាត់ចែងទំនាក់ទំនងជាមួយស្នងការខេត្តវៀតណាមដែលជាប់គ្នា ដោយត្រូវកំណត់ពេលប្រជុំ, កំណត់ពេលជូនដំណឹង ហើយត្រូវបើកឲ្យមានអាសយដ្ឋានសម្រាប់ធ្វើការទំនាក់ទំនង២៤ម៉ោង លើ២៤ម៉ោង បើមានបទល្មើសកើតឡើង ត្រូវសហការគ្នាបង្ក្រាបភ្លាមៗ ឲ្យបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដែលជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ត្រូវបើកកិច្ចសហការឲ្យប្រទេសទាំងពីរ និងត្រូវបង្កើតក្រុមការងារជំនាញទំនាក់ទំនង២៤ម៉ោង ដើម្បីក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដាក់ចេញវិធានការបញ្ជាដឹកនាំ បង្ក្រាបបទល្មើសគ្រឿងញៀន។ លើសពីនេះ ត្រូវបង្កើតក្រុមឯកភាពមួយ ដើម្បីស្រាវជ្រាវតាមចាប់មុខសញ្ញាដែលមានដីកា។
ទន្ទឹមនឹងការដាក់ចេញវិធានការនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា សមត្ថកិច្ចរបស់កម្ពុជាទាំងអស់ដែលពាក់ព័ន្ធ និងរួមគ្នាអនុវត្តការងារនេះ ជាមួយសមត្ថកិច្ចវៀតណាមឲ្យមានប្រសិទ្ធភាពខ្ពស់ សម្ដៅលុបបំបាត់គ្រឿងញៀន លើកកម្ពស់ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនឲ្យកាន់តែប្រសើរឡើង៕