(ភ្នំពេញ)៖ សហរដ្ឋអាមេរិក ក្នុងរដ្ឋាភិបាលរបស់ លោក បារ៉ាក់ អូបាម៉ា កាលពី១០ឆ្នាំមុន បានចុះកិច្ចព្រមព្រៀងមួយជាមួយអាស៊ាន ដោយសន្យាថា នឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសណាមួយឡើយ។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ គឺខួប១០ឆ្នាំ កិច្ចព្រមព្រៀងអាមេរិកអាស៊ាន ហើយក្នុងឱកាសនេះ កម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងគោរព និងអនុវត្តបានពេញលេញ នូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននេះ ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកអំពីកិច្ចព្រមព្រៀងនេះឡើងវិញ។ លោកលើកឡើងថា សហរដ្ឋអាមេរិក បានប្ដេជ្ញាក្នុងការអនុវត្តនូវគោលការមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រជាជាតិនីមួយៗ នៃសមាគមអាស៊ានជារួម ដោយឡែកក៏ដូចជាដោយផ្ទាល់ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្នុងជាមួយគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ចេ ត្រាំ មកពីបក្សសាធារណរដ្ឋ ក៏បានបញ្ជាក់ពីនយោបាយការបរទេសដែលមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
លោកបញ្ជាក់ថា «ជាកំណត់សម្គាល់របស់ខ្ញុំ គឺរដ្ឋាភិបាលបក្សទាំងពីរមានគោលការស្របគ្នា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិកទាំងនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ដែលជាស្ថាប័នរដ្ឋប្រកបដោយភាពស៊ីវិល័យនៃសហរដ្ឋអាមេរិក ច្បាស់ជាបង្ហាញនូវភាពប្រាកដប្រជា ក្នុងការអនុវត្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពនីតិរដ្ឋ និងជាគំរូដល់ប្រជាជាតិនានា ក្នុងសកលលោករួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងប្រជាជាតិនីមួយៗ»។
ការរម្លឹឱ្យសហរដ្ឋអាមេរិក គោរពកិច្ចព្រមព្រៀងនេះ បានធ្វើឡើងស្របពេលដែល សភាសហរដ្ឋអាមេរិក បានអនុម័ត ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា ដោយអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើកហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះ៕