(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យរថយន្តនៅកម្ពុជា បានបង្ហាញនូវបំណងចង់ឲ្យរាជរដ្ឋាភិបាល គិតគូរលើការបន្ធូរបន្ថយពន្ធនាំចូលរថយន្តថ្មី មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ អាចមានលទ្ធភាពប្រើប្រាស់រថយន្ដថ្មី ឲ្យបានកាន់តែទូលំទូលាយជាងមុន។
ក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក ឈាវ សុខឃា ប្រធានចាត់ការទូទៅ ក្រុមហ៊ុន Isuzu K (Cambodia) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលនាំចូល ដូច្នេះពេលដែលនាំចូល ត្រូវបង់ពន្ធជូនរដ្ឋតាមគោលការណ៍ ប៉ុន្ដែបើសិនជារដ្ឋបន្ធូរបន្ថយពន្ធនាំចូលរថយន្ដថ្មីនោះ វាកាន់តែល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុន។
លោក ឈាវ សុខឃា បានលើកឡើងយ៉ាងដូច្នេះថា «បញ្ហាពន្ធ! ការពិតនៅក្នុងប្រទេសកម្ពុជារបស់យើង ជាប្រទេសមួយដែលនាំចូល ដូច្នេះពេលដែលនាំចូល ត្រូវបង់ពន្ធជូនរដ្ឋតាមគោលការណ៍...ប្រទេសថៃ គឺជាប្រទេសដែលគេផលិត ដូច្នេះគេ អត់ត្រូវការចាយពន្ធបង់ពន្ធអ្វីនោះទេ ដូច្នេះតម្លៃឡាននៅស្រុកគេ គឺថោក ឬក៏ធូរថ្លៃជាងយើង»។
ជាមួយគ្នានោះ ប្រធានចាត់ការទូទៅ ក្រុមហ៊ុន Isuzu K (Cambodia) រូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា មានប្រទេសមួយចំនួន នៅជុំវិញប្រទេសកម្ពុជា ទទួលបាននូវការអនុគ្រោះពន្ធ តាមរយៈគោលនយោបាយអាស៊ាន ហើយប្រទេសកម្ពុជា ក៏ទទួលបានការបន្ធូរបន្ថយពន្ធ តាមរយៈគោលនយោបាយអាស៊ាននេះ ផងដែរ។
លោក ឈាវ សុខឃា បានបញ្ជាក់ទៀតថា បើសិនជារាជរដ្ឋាភិបាលកម្ពុជា មានការកាត់បន្ធូរបន្ថយពន្ធ នៅក្នុងកម្រិតមួយ ដែលមានភាពល្អប្រសើរ ជាងពេលបច្ចុប្បន្នទៀតនោះ ខាងក្រុមហ៊ុនអ្នកនាំចូល និងចែកចាយរថយន្ដថ្មី កាន់តែមានភាពត្រេកអរ ជាពិសេសអាចឲ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្ដថ្មី បានកាន់តែទូលំទូលាយទៀតផង។
លោកបញ្ជាក់ថា «បើសិនជាមានកម្រិតមួយ [បន្ធូរបន្ថយពន្ធនាំចូល] ដែលប្រសើរជាងនឹងទៀត ខាងក្រុមហ៊ុនជាអ្នកនាំចូល និងចែកចាយរថយន្ដថ្មី ក៏មានការត្រេកអរ»៕