(ភ្នំពេញ)៖ នៅលើទំព័រមុខរបស់ខ្លួននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មាន ដោយឈរនៅលើតែប្រភពមន្ត្រីអាមេរិកអនាមិកថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ជា «ព័ត៌មានក្លែងក្លាយ» ដែលត្រូវបាននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបដិសេធចោលភ្លាមៗពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដោយលើកឡើងថា ជារឿងហួសចិត្តដែលមន្ត្រីសហរដ្ឋអាមេរិកប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្តអំពីមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជាហើយត្រូវបានបន្ទរ ដោយសារព័ត៌មានរបស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើងក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់។
ក្នុងនាមនាយករដ្ឋមន្ត្រីនៃរដ្ឋអធិបតេយ្យ និងឯករាជ្យមួយសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នេះគឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន មាន អះអាងច្បាស់ៗថា៖ «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយនឹងមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត»។
សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាសបដិសេធជាសាធារណៈច្រើនដងរួចហើយ អំពីបញ្ហានេះនិងអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ។ ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានប្រតិកម្មតបនឹងការចោទប្រកាន់ដែលគ្មានភស្តុតាង និងបង្កប់ដោយចរិតនយោបាយដែលសហរដ្ឋអាមេរិកតែងតែបំពាន មកលើកម្ពុជា ដោយសម្តេចបានថ្លែងថា៖ «ព្រោះគេគិតថាកម្ពុជាមិនបម្រើសេចក្តីត្រូវការដែលគេចង់បាន។ អ្វីៗដែលគេរៀបរាប់រួមនឹងបញ្ហា នៅសមុទ្ររាមនិង កន្លែងដទៃទៀតគឺខុសពីការពិតទាំងអស់។ ដូច្នេះគឺរឿងហ្នឹង គឺជាបំណងរបស់គេចង់ធ្វើយ៉ាងណា បម្រើមហិច្ឆតាខាងនយោបាយឱ្យក្រុមមួយចំនួនតែប៉ុណ្ណោះ»។
ចំណុចដែលកាសែតបរទេសចុះផ្សាយ ព្រមទាំងមានការលើកឡើងពីសំណាក់មន្ត្រីរបស់បរទេស និងក្រុមប្រឆាំងមួយចំនួនតូច គឺគ្មានអ្វីដែលត្រូវងឿងឆ្ងល់នោះទេ ព្រោះជនទាំងអស់នោះធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឱ្យកម្ពុជា មានការអភិវឌ្ឍ កុំឱ្យកម្ពុជាងើបផុតពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំជម្នះគ្រប់បែបយ៉ាង ដើម្បីឱ្យប្រទេសដ៏កំសត់មួយនេះ មានសុខសន្តិភាព ស្ថិរភាពនយោបាយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិល រាប់សតវត្សរ៍មកនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់កន្លង ទៅនៅពេលដែលកម្ពុជាសហការជាមួយប្រទេសនានា មិនថាតែជាមួយចិនធ្វើសមយុទ្ធពង្រឹងសមត្ថភាពការ
ពារជាតិរួមនឹងកម្លាំងកងយោធពលខេមរភូមិន្ទផងមហាអំណាចមួយចំនួនមិនសប្បាយចិត្តឡើយ ដោយសារតែខ្លាចកម្ពុជាអាចមានលទ្ធភាពទទួលបានការបង្កើន សមត្ថភាព ខាងកងទ័ព កម្ពុជាអាចទទួលបានសមត្ថភាពក្នុងការការពារជាតិរបស់ខ្លួនបានល្អ។
ដូច្នេះមហាអំណាចមួយនោះក៏រកវិធីគ្រប់បែបយ៉ាងទាំងអស់មួលបង្គាច់ការពិត និយាយបំភ្លៃ បំផ្លើស និងបំប៉ោងការពិត ជាលេសដើម្បីធ្វើយ៉ាងណាឱ្យគេឯងទាំងឡាយ មើលមកកម្ពុជាថាខ្មៅងងឹត និងមានតែម្យ៉ាងទេ គឺត្រូវដាក់ទណ្ឌកម្មមកលើកម្ពុជា»។ ជារឿងដ៏គួរឱ្យអស់សំណើចមួយទៀតនោះ ក្នុងករណីជួសជុលអគារនៅសមុទ្ររាម មហាអំណាចដដែលដែលបានមួលបង្កាច់កម្ពុជាថា មានមូលដ្ឋានទ័ពរបស់ប្រទេសចិន «បានគំរាមទារជួយ»កម្ពុជាជួសជុលអគារនៅមូលដ្ឋានថែមទៀត។
គេអាចចោទសួរថា តើហេតុអ្វីបានជាមន្ត្រីសហរដ្ឋអាមេរិកទាំងនៅក្នុងស្ថានទូតប្រចាំនៅកម្ពុជា និងនៅសហរដ្ឋអាមេរិកបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា មិនចេះចប់យ៉ាងដូច្នេះ? ការប្រឌិតព័ត៌មាន ក្លែងក្លាយ ឬការទទួលបានព័ត៌មានខុសដោយមន្ត្រីសហរដ្ឋអាមេរិក និងហ៊ានបំពានលើកម្ពុជាដោយការបង្កើត ព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជានេះបន្ទរផ្សព្វផ្សាយដោយអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈរបស់កាសែត The Wall Street Journal និងក្រុមប្រឆាំងផ្សេងទៀត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពិតជាពួកគេមានចេតនាអាក្រក់រួចស្រេចទៅហើយ។ អ្វីដែលគេអាចដឹងបានគឺ៖
ទី១) ការបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់ ជាពិសេសប្រកួតប្រជែងជាមួយនឹងមហាអំណាចចិន។ ពួកគេពិតជាមានចេតនាអាក្រក់រួចស្រេចទៅ ហើយថា ប្រទេសណាមួយដែលមិនបម្រើផលប្រយោជន៍របស់ពួកគេ នោះពួកគេនឹងរកហេតុផលមួយរយជំពូក ដើម្បីចោទប្រកាន់ មួលបង្កាច់ ប៉ុន្តែប្រសិនបើប្រទេស ណាបម្រើផលប្រយោជន៍ឱ្យខ្លួន ទោះបីជាប្រទេសនោះជាប្រទេសកុម្មុយនិស្តក៏សរសើរថា សេរីប្រទេសដែលមិនដើរតាមគន្លងប្រជាធិបតេយ្យក៏មិនថាស្តីឡើយ។
ប៉ុន្តែកម្ពុជាដែលគេដឹងថា មិនអាចនឹងបង្វិលក្បាលបាន និងមិនបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់គេ គេព្យាយាមមួលបង្កាច់ និងធ្វីអ្វីៗមិនដែលដែលត្រូវឡើយ ទោះកម្ពុជាអនុវត្តតាមគន្លងលទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិក៏ដោយ មានទំនាក់ទំនងធម្មតាជាមួយបណ្តាប្រទេសនានានៅលើសកលលោក ខណៈប្រទេសសម្ព័ន្ធមិត្ររបស់អាមេរិកមួយចំនួនអនុវត្តមិនបានដូចកម្ពុជាផង។
ទី២) ដើម្បីបម្រើឱ្យក្រុមប្រឆាំងរត់ចោលស្រុកមួយក្តាប់តូចដែលបាននិងកំពុងបន្តផែនការបដិវត្តន៍ពណ៌ដោយបង្កើតឱ្យមានការយល់ច្រឡំ ដុតកំហឹងប្រជាពលរដ្ឋ និងញុះញង់។ ហេតុដូច្នេះហើយបានជាមានការបង្កើតព័ត៌មានក្លែងក្លាយជាច្រើនប្រឆាំងនឹងកម្ពុជាដូចជា ការចោទប្រកាន់ថា មានមូលដ្ឋានទ័ពបរទេសនៅលើ ទឹកដីកម្ពុជា មានការរំលោភសិទ្ធិមនុស្សជាប្រទេសគ្មានលទ្ធិប្រជាធិបតេយ្យ មានការលាងលុយកខ្វក់ មានការជួញដូរមនុស្ស អំពើពុករលួយជាដើម។
ទាំងនេះគឺជាលេសនេះដើម្បីអនុញ្ញាតឱ្យមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបង្កើតច្បាប់ប្រឆាំងនឹងកម្ពុជា ឬការប្រកាសពីការដាក់ទណ្ឌកម្ម និងសម្ពាធនយោបាយប្រឆាំងកម្ពុជាជាដើម។ ប៉ុន្តែកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ហើយថា នឹងមិនយកអធិបតេយ្យភាព និងឯករាជភាពជាតិទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ។
ទាក់ទងនឹងព័ត៌មានក្លែងក្លាយនេះ! គេនៅចាំបានថានៅអំឡុងដើមឆ្នាំ ២០០០ សហគមន៍អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក និងអង់គ្លេសបានបង្កើត ព័ត៌មានក្លែងក្លាយអំពីវត្តមាននៃការផលិតអាវុធនុយក្លេអ៊ែរនៅលើក្នុងប្រទេសអ៊ីរ៉ាក់ ដែលចុងក្រោយមន្ត្រីនៃប្រទេសទាំងពីរបានសារភាពថា មិនមានវត្តមាននៃអាវុធប្រ ល័យលោកនៅក្នុងប្រទេសអ៊ីរ៉ាក់ទេ ប៉ុន្តែគោលដៅសំខាន់គឺចង់ទម្លាក់ប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន ពីតំណែងដោយចោទថា ជាមេដឹកនាំផ្តាច់ការ មិនប្រជាធិបតេយ្យ។
ព័ត៌មានក្លែងក្លាយរបៀបនេះក៏ត្រូវបានបង្កើតឡើងនិងបន្ទរដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកខ្លួនឯង ដើម្បីប្រឆាំងនឹងមេដឹកនាំនៃប្រទេសផ្សេងទៀតដូចជាស៊ីរី លីប៊ី និងបណ្តាប្រទេសមួយចំនួនទៀត ហើយឈានដល់ការញុះញង់បង្កចលាចលនិងបង្កើតជាបដិវត្តន៍ពណ៌ផ្តួលរំលំមេដឹកនាំ ទាំងនោះក្នុងលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំដែលពួកគេយល់ថា ជាអ្នកមិនដើរតាមគន្លងដែលគេបានគូសឱ្យ ឬជាអ្នកដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ បច្ចុប្បន្នអ្វីដែលបន្សល់ទុកឱ្យប្រទេសទាំងអស់នោះរួមទាំងអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងប្រទេសដទៃទៀតគឺការបំផ្លិចបំផ្លាញ ការស្លាប់បាត់បង់ជីវិត ចលាចល ឈឺចាប់ខ្លោចផ្សារ និងសង្គ្រាមស៊ីវិល។ នយោបាយដើរផ្តួលរំលំ មេដឹកនាំប្រទេសផ្សេងនេះត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹង មិនបន្តអនុវត្តនយោបាយផ្តួលរំលំមេដឹកនាំបរទេសឡើយ។
ប៉ុន្តែហេតុអ្វីបានជាមន្ត្រីមួយចំនួនរបស់សហរដ្ឋអាមេរិក មិនអនុវត្តតាមប្រសាសន៍របស់ប្រធានាធិបតីខ្លួន និងបានព្យាយាមអនុវត្តនយោបាយអនុត្តរភាព និងមាន ចេតនាបំផ្លាញប្រទេសដទៃដូច្នេះ? ពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីលាបពណ៌ប្រទេសមួយទៀត និងបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលខុសពីវិជ្ជាជីវៈសារព័ត៌មាន។ សូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា ស៊ីអិនអិន និងកាសែត ឌឹ ញូវយ៉ក ថែមស៍ ថាបរាជ័យក្នុងការអនុវត្តវិជ្ជជីវៈរបស់ខ្លួន ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងជាសត្រូវប្រជាជនថែមទៀតផង។ ហេតុដូច្នេះ ហើយបានជាគេអាចសន្និដ្ឋានបានថា កាសែត The Wall Street Journal គឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងបំភ្លៃបំផ្លើសខុសពីការពិតក្នុងចេតនាទុច្ចរិត។
អ្វីដែលមន្ត្រីសហរដ្ឋអាមេរិក រួមនឹងអ្នកកាសែតគ្មានវិជ្ជាជីវៈរបស់ The Wall Street Journal ត្រូវដឹងគឺ ១-រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួននោះឡើយ។ ដូចនេះព័ត៌មានអំពីកិច្ចព្រមព្រៀងយោធា គឺជាព័ត៌មានក្លែងក្លាយ ឬជាព័ត៌មានមួលបង្កាច់បែបនយោបាយ ដែលមន្ត្រីសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកបង្កើតឡើងដើម្បីផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
២-ព្រះរាជាណាចក្រកម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ការពាររដ្ឋធម្មនុញ្ញ និងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធានៅលើទឹកដីកម្ពុជា ជាដាច់ខាត ទាំងក្នុងពេលបច្ចប្បន្ន ទាំងក្នុងពេលអនាគត។ រដ្ឋមន្ត្រីនៃការក្រសួងការពារជាតិចិនក៏បានបដិសេធនូវព័ត៌មាន មួលបង្កាចថា មានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីកម្ពុជាផងដែរកាលពីអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួង ការពារជាតិនៅប្រទេសសិង្ហបុរី។ ដូច្នេះមន្ត្រីសហរដ្ឋអាមេរិកនិងអ្នកកាសែតដូរបាយមួយចំនួនគួរបញ្ឈប់ ការលាបពណ៌ប្រឆាំងនឹងកម្ពុជា និងគួរទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ ព្រោះកម្ពុជាមិនត្រូវសង្គ្រាមទៀតឡើយ ព្រោះអតីតកាលបានបង្រៀនប្រជាជនខ្មែរច្បាស់ ណាស់ ហើយកាកសំណល់សង្គ្រាម គ្រាប់បែកចង្កោម មីនរបស់សហរដ្ឋអាមេរិកក៏មិនទាន់ដោះ អស់ពីទឹកដីកម្ពុជានៅឡើយទេ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៩