(ភ្នំពេញ)៖ អាហារ គឺជាកត្តាសំខាន់សម្រាប់ការរស់នៅ ការបរិភោគ! អាហារដែលល្អនឹងនាំឲ្យគុណភាពជីវិតលោកអ្នកកាន់តែប្រសើរឡើង។ សាច់ជ្រូក ជាប្រភេទសាច់ដែលប្រជាជនកម្ពុជា ពេញនិយមក្នុងការចម្អិនទទួលទាន ការជ្រើសរើសទិញសាច់ជ្រូក ដែលល្អយកមកធ្វើអាហារ គួរតែជាសាច់ដែលមកពីកសិដ្ឋានចិញ្ចឹមជ្រួក ដែលមានមាត្រដ្ឋានការចិញ្ចឹមត្រឹមត្រូវ។
បច្ចុប្បន្ននេះមានព័ត៌មាន ដែលទាក់ទងជាមួយនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬត្រូវបានហៅថា ASF បានរាតត្បាតនៅក្នុងប្រទេសចិន វៀតណាម ដែលធ្វើឲ្យអ្នកចិញ្ចឹមជ្រូករងផលប៉ះពាល់យ៉ាងខ្លាំង។ តើអ្នកប្រើប្រាស់ទំាងអស់គួរយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វកតាមរយៈអ្វី?
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនមួយដែលជំនាញខាងចិញ្ចឹមសត្វជ្រូកមានឈ្មោះថា CPF បានចេញមកពន្យល់ជូនប្រជាពលរដ្ឋ។ តាមរយៈការយល់ដឹងពីរោគសញ្ញា និងអការៈជំងឺនេះ អ្នកក៏ក្លាយជាផ្នែកមួយក្នុងការចូលរួមការពារ មិនឲ្យរីករាលដាល និងបង្កឲ្យមានការខូចខាត។
ASF ជាជំងឺដែលកើតពីវីរុសនៅក្នុងរាង្គកាយជ្រូក ដោយមានដើមកំណើតនៅទ្វីបអាហ្វ្រិក រួចរាតត្បាតទៅអឺរ៉ុប ឆ្នាំមុននេះរាតត្បាតចូលប្រទេសចិន ហើយឆ្នាំនេះមកដល់ប្រទេសវៀតណាមហើយ។ ជំងឺនេះធ្វើឲ្យជ្រូកងាប់ភ្លាមៗ ទើបយើងរាប់ជាជំងឺ ដែលបង្កឲ្យមានការខាតបង់យ៉ាងខ្លាំងក្លា ដល់អ្នកចិញ្ចឹមជ្រូក។
វីរុសមានភាពធន់ អាចរស់នៅក្នុងបរិស្ថានបានយូរ និងឆ្លងទៅជ្រូកយ៉ាងឆាប់រហ័ស តាមរយៈពីសម្លៀកបំពាក់ យានយន្ត ឬក្នុងអាហារដែលមានវីរុសនេះ ទោះបីជាបានចម្អិនរួចក៏ដោយ ប៉ុន្តែវីរុសនៅតែអាចរស់នៅបាន។ វិធីធ្វើការរបស់អ្នកចិញ្ចឹមជ្រូក៖ ដោយសារតែជំងឺនេះមិនមានវ៉ាក់សាំងបង្ការ ឬថ្នាំព្យាបាលទេ ដូច្នេះវិធីសាស្ត្រ ក្នុងការការពារជំងឺត្រូវតែប្រើប្រព័ន្ធជីវៈសុវត្ថិភាព ឬ Biosecurity ដែលជាប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន ដោយត្រូវត្រួតពិនិត្យ ទាំងបុគ្គលិក យានយន្ត និងវត្ថុទាំងអស់ ត្រូវលាងសម្អាត និងឆ្លងកាត់ការសម្លាប់មេរោគ គ្រប់ពេលមុនចូលកសិដ្ឋាន។
ខណៈនេះ ប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលទៅនឹងជំងឺប៉េស្តជ្រូកខ្លាំងណាស់! គ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងឯកជន និងសមាគមអ្នកចិញ្ចឹម បានរួមដៃគ្នាក្នុងការជួយការការពារជំងឺនេះ យ៉ាងពេញទំហឹង ដោយមានការរៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់អ្នកចិញ្ចឹមជ្រូកនៅទូទាំងប្រទេស ដោយអញ្ជើញអ្នកឯកទេសដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹង ព្រមទាំងមានការតាមដានស្ថានភាពយ៉ាងខ្ជាប់ខ្ជួន។
បើសិនអ្នកបរិភោគអាហារ ដែលមានមេរោគនេះចូលទៅ តើអ្នកនឹងមានផលប៉ះពាល់ដែរឬទេ?
ត្រង់ចំណុចនេះ ក្រុមហ៊ុនបានពន្យល់ថា ជំងឺនេះមិនឆ្លងមកមនុស្សទេ។ សូមកុំមានការភ័យខ្លាចចំពោះជំងឺនេះ ព្រោះវីរុសនេះឆ្លងចំពោះតែជ្រូកប៉ុណ្ណោះ ដែលមិនបង្កផលប៉ះពាល់ ឬ ចម្លងដល់មនុស្សនោះទេ។ អ្នកនៅតែអាចទទួលទានសាច់ជ្រូកបានតាមធម្មតា ដោយគ្រាន់តែយកមកចម្អិនឲ្យឆ្អិនត្រឹមត្រូវ។ សម្រាប់វិធីសាស្រ្ត នៃការជ្រើសរើសទិញសាច់ជ្រូក គួរតែទិញពីកន្លែងដែលមានអនាម័យ និងទុកចិត្តបាន។
តើអ្នកធ្លាប់បានឃើញរូបភាព ឬឃ្លីបវីដេអូដែលបានចែកចាយតាមបណ្តាញសង្គមខ្លះៗមកទេ? ការពិតនោះជំងឺដែលបណ្តាលមកពីការញ៉ាំអាហារ ដែលគ្មានអនាម័យ ជារឿយៗតែងតែ ឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគបាក់តេរី ដែលមានជាប់នៅពេលផលិត ឬពេលរក្សាទុកមិនបានត្រឹមត្រូវ ធ្វើឲ្យអាហារឆាប់ខូច និងការចម្អិនដែលមិនត្រឹមត្រូវតាមលក្ខណៈអនាម័យ រួមទាំងការចម្អិនមិនឆ្អិនល្អ។ ក្នុងនាមជាអ្នកបរិភោគ អ្នកអ្នករួមចំណែកជួយឲ្យស្ថានភាពនេះប្រសើរឡើងវិញ បានយ៉ាងដូចម្តេចខ្លះ?
ជំងឺនេះមិនបានចម្លងដល់មនុស្ស ហើយអ្នកនៅតែអាចបរិភោគសាច់ជ្រូកបាន ដោយមិនព្រួយបារម្ភឡើយ ប៉ុន្តែដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺនេះ អ្នកគួរតែបញ្ឈប់ការនាំចូល ឬទទួលទានអាហារដែលមិនស្គាល់ប្រភពច្បាស់លាស់ ឬមកពីក្រុមប្រទេសដែលមានហានិភ័យ ហើយលើសពីនេះទៀត អ្នកគួរតែទុកដាក់កាកសំណល់ អាហារឱ្យបានត្រឹមត្រូវ។
អ្វីដែលសំខាន់មួយទៀតនោះ គឺកុំចែកចាយនូវព័ត៌មានមិនពិត ព្រោះបុគ្គលមួយចំនួន បានចែកចាយព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គមដែលយករូបភាពសត្វជ្រូកឈឺ ឬងាប់យកមកកាត់ត ក្នុងគោលបំណងដើម្បីឲ្យមានការយល់ច្រឡំ រហូតដល់មានការចែករំលែកតៗគ្នា។ សូមឲ្យបងប្អូនគិតឲ្យបានច្បាស់លាស់មុននឹងចែកចាយ សូមបងប្អូនមេត្តាតាមដានព័ត៌មាន ដែលប្រកាសចេញពីប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ ឬក៏អង្គភាពដែលអាចទុកចិត្តបាន «សាច់ជ្រូក នៅតែមានសុវត្ថិភាព ក្នុងការទទួលទាន ដោយពុំចាំបាច់ព្រួយបារម្ភ»៕