(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសទាំងឡាយដែលកំពុងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា នឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅមិនឱ្យចូលរួមដេញថ្លៃសាងសង់ផ្លូវ ស្ពាន នៅកម្ពុជាទៀតនោះឡើយ បើរកឃើញថា ក្រុមហ៊ុនលួចបន្លំគុណភាពលើការសាងសង់។
ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យការសាងសង់កំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ កំណាត់ផ្លូវនេះ ត្រូវបានរកឃើញថា មានបញ្ហាលើការសាងសង់ជាច្រើនកន្លែង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែប្រកាសជំហរមិនទទួលយកផ្លូវសាងសង់គ្មានគុណភាពនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិនិត្យមើលថា តើគាត់ (ក្រុមហ៊ុន) ខុសលក្ខណៈបច្ចេកទេស ឬគាត់កេងប្រវ័ញ្ច។ បែងចែកកំហុសហ្នឹងឱ្យច្បាស់ ចាក់ ៥ហ៊ុន តែចាក់តែ៤ហ៊ុន ឧទាហរណ៍នេះជាការលួចហើយ។ អានេះអាចឈានទៅដល់ការដាក់ក្នុងបញ្ជីខ្មៅមិនឱ្យដេញថ្លៃ បើគ្មានចេតនាលួច ប៉ុន្តែខូចលក្ខណៈបច្ចេកទេសអ៊ីចឹងយើងអាចពិភាក្សាគ្នាបាន។ ហើយពិនិត្យទៀតបើគាត់ចេះតែខុសហើយ ខុសទៀត អាហ្នឹងគួរពិចារណាពេលដាក់ដេញថ្លៃយើងប្រាប់កុំឱ្យក្រុមហ៊ុនហ្នឹងចូលរួមដេញថ្លៃបន្តទៅទៀត»។
សូមបញ្ជាក់ថា ផ្លូវជាតិនៅកម្ពុជាទាំងអស់ភាគច្រើនទទួលបានកម្ចី និងជំនួយពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូ។ រាល់ផ្លូវជាតិដែលទទួលបានកម្ចី និងជំនួយសាងសង់ពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូនោះ រាល់នីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាព ត្រូវធ្វើឡើងដោយប្រទេស ឬអង្គការដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយ ឬកម្ចីនោះផ្ទាល់តែម្តង។
ដោយឡែកភាគីរាជរដ្ឋាភិបាល បានត្រឹមសម្របសម្រួល និងត្រួតពិនិត្យមើលលើលក្ខណៈបច្ចេកទេស និងគុណភាពប៉ុណ្ណោះ៕