(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសជាថ្មីថា កម្ពុជាមិនមានកិច្ចព្រមព្រៀងសម្ងាត់ ឬចំហរណាមួយជាមួយភាគីចិន ឱ្យមានមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានរបស់សហរដ្ឋអាមេរិកឡើយ។
ជាមួយគ្នានេះ លោកចាត់ទុកថា ការផ្សព្វផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឱ្យចិន តាំងមូលដ្ឋានទ័ពនៅកម្ពុជានេះ គឺជាព័ត៌មានក្លែងក្លាយ (Fake News) ដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន និងមានចេតនាបំផ្លាញដល់សន្តិសុខរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គឺកម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយមកលើដីរបស់ខ្លួនឡើយ ហើយកងទ័ពកម្ពុជាពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាការពារទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជា ផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន នឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ និងក្រសួងការពារជាតិចិន៕