(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅកាត់ផ្ដាច់ការផ្គត់ផ្គង់ និងកាត់ផ្ដាច់តម្រូវការគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាតនូវ៤កុំ គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទូទាំងប្រទេស។

តាមរយៈ Facebook នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហោះសារយ៉ាងដូច្នេះថា៖

«ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទូទាំងប្រទេស។

តាមរយៈសកម្មភាព យ៉ាងសកម្មផុលផុសនេះ យើងបានធ្វើការចាប់ខ្លួន មេក្លោង រួមទាំងជនល្មើសមួយចំនួនធំ និងបានរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជាច្រើន ព្រមទាំងបានបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

តាមរយៈលទ្ធផលសម្រេចបាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាពេលកន្លងមកធ្វើឲ្យសាធារណជនទូទៅយ៉ាងច្រើនលើសលប់ សម្តែងការសាទរ និងជំរុញលើកទឹកចិត្តដល់យុទ្ធនាការនេះ ឲ្យបន្តសកម្មភាព របស់ខ្លួនកាន់តែសកម្មថែមទៀត។ ទោះបីលទ្ធផលសម្រេចបានទាំងនេះ មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា នៅក្នុងសង្គមយ៉ាងណាក្តី ក៏យើងនៅតែបន្តខិតខំ ពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុង ពីសង្គមកម្ពុជា នាពេលអនាគត។

ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ និងកាត់ផ្តាច់តម្រូវការគ្រឿងញៀន ក្នុងស្មារតីរួមគ្នាទទួលខុសត្រូវ ក្នុងការកសាងសង្គមកម្ពុជា ដែលល្អផូរផង់ប្រកបដោយសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនា គ្មានគ្រឿងញៀន។

ទន្ទឹមនេះ សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាតនូវ ៤ កុំ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន។ ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ ប្រគេនពរ ប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល គ្រប់ប្រការ»