(ប៉េកាំង, ចិន)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងចំនួន ០៣ ដែលមានទឹកប្រាក់ប្រមាណ១៦៦លានយ៉េន ដែលស្មើនឹងប្រមាណ ២៦លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយភាគីកម្ពុជាតំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិន តំណាងដោយលោក Deng Boqing អនុប្រធានទីភ្នាក់ងារចិន សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងទាំង ០៣ ខាងលើ មានដូចខាងក្រោម៖

*ទី១៖ គម្រោងជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី
*ទី២៖ គម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសអគារបច្ចេកវិទ្យា នៃទីស្តីការគណៈរដ្ឋមន្រ្តី
*ទី៣៖ គម្រោងផ្គង់ផ្គង់ម៉ាស៊ីនស្កែន ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងឱកាស នៃពិធីចុះហត្ថលេខា លើលិខិតប្តូរសារសម្រាប់គម្រោងទាំង០៣ខាងលើនេះដែរ លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត និងលោក Deng Boqing អនុប្រធានទីភ្នាក់ងារចិន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក អំពីកិច្ចសហប្រត្តិការហិរញ្ញប្បទានទ្វេភាគីកន្លងមក ក៏ដូចជាទិសដៅ នៃកិច្ចសហប្រតិបត្តិការនៅពេលអនាគត ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដើម្បីវិបុលភាព និងសុខមាលភាពនៃប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងលើ វិស័យគមនាគមន៍ (ផ្លូវ/ស្ពាន), ប្រព័ន្ធធារាសាស្រ្ត និងវិស័យអគ្គិសនី និងការប្រើប្រាស់ ហិរញ្ញប្បទានឥតសំណង សំដៅអភិវឌ្ឍន៍វិស័យសង្គមកិច្ចមានដូចជា៖ ការសាងសង់អគារសាលារៀន ការសាងសង់ផ្លូវជនបទ និងការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ព្រមទាំងវិស័យមួយចំនួនទៀត ដែលជាតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ២០០១ ដល់ខែកក្កដា ឆ្នាំ២០១៩ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានទឹកប្រាក់សរុបចំនួនប្រមាណ ៦០០០លាន ដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤៤០០លានដុល្លារអាមេរិក ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១៦០០ លាន ដុល្លារអាមេរិក (ហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់)៕

.