(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្ដបរិភោគសាច់ជ្រូកដូចធម្មតា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះថាជំងឺនេះមិនឆ្លងមកមនុស្សនោះទេ ពោលឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត ក៏បានអះអាងថា សម្ដេចខ្លួនឯងរាល់ថ្ងៃក៏បរិភោគសាច់ជ្រូកនោះដែរ ហើយមិនដែលមានបញ្ហាអ្វីនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលទានសាច់ជ្រូកកុំបារម្ភ ក្រៅពីតំបន់ប៉ះពាល់ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ដែលគេយកទៅកប់ចោល តំបន់ដ៏ទៃទៀតមិនមានប៉ះពាល់ទេ។ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកលក់សាច់ជ្រូក បានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ហើយធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
ក្រៅពីអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកទទួលទានសាច់ជ្រូកដូចធម្មតានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានពន្យល់ពីកត្តាលំបាកមួយចំនួនផងដែរ ដែលសុទ្ធតែប៉ះពាល់ដល់បញ្ហាទីផ្សារ ពោលប្រសិនបើសាច់ជ្រូកមិនត្រូវបានទទួលទាននោះ នាំឲ្យសាច់គោ និងសាច់ត្រីឡើងថ្លៃ ខណៈដែលរដូវនេះ ក៏ជារដូវហាមឃាត់មិនឲ្យនេសាទទៀតនោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា សម្រាប់សាច់ជ្រូកស្លាប់ ដែលផ្ទុកមានជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកនេះ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរនោះទេ ពោលក្រសួង និងស្ថាប័នដែលពាក់ព័ន្ធលើបញ្ហានេះ បានតម្រូវឲ្យកក់ចោលតែម្ដង ព្រោះជៀសវាងការឆ្លងរីករាលដាលទៅកាន់ជ្រូកផ្សេងទៀត ដែលនៅក្បែរនោះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន តំបន់ដែលជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជានោះ បើប្រៀបធៀបទៅនឹងទូទាំងប្រទេស គឺគ្រាន់តែជាតំបន់តូចមួយតែប៉ុណ្ណោះ ហើយក៏ត្រូវសមត្ថកិច្ចជំនាញគ្រប់គ្រងបានផងដែរ មិនឲ្យឆ្លងរាលដាលនោះឡើយ។
ពាក់ព័ន្ធនឹងការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រសួងពាក់ព័ន្ធបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះផងដែរ។ សត្វជ្រូកផ្ទុកជំងឺនេះ ចំនួន៧៩៨ក្បាល ត្រូវបានដុតកម្ទេចចោល ក្នុងនោះមាននៅខេត្តរតនគីរីចំនួន៦០០ក្បាល ត្បូងឃ្មុំចំនួន៦៤ ស្វាយរៀងចំនួន២៣ក្បាល និងខេត្តតាកែវចំនួន១១១ ជាដើម។
ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។ បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់៕